១២ចំណុចដែលអ្នកបើកបរមិនត្រូវទុកចោលក្នុងរថយន្តក្តៅ
- ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០៥ នាទី រសៀល

ការទុករថយន្តចោលក្រោមកំដៅថ្ងៃ ឬក្នុងស្ថានភាពក្តៅស្រាប់ មិនមែនជារឿងល្អនោះឡើយសម្រាប់អ្នកបើកបរ ជាពិសេសម្ចាស់យានយន្ត។ សារព័ត៌មាន The Sunday Times បានលើកយកចំណុចចំនួន១២ដែលអ្នកជំនាញមើលឃើញពីហានីភ័យនៅពេលទុកចោលជាមួយរថយន្តមានកំដៅ។

ចំណុចទាំង១២នោះ រួមមាន៖
១. សត្វចិញ្ចឹម៖

ការទុកសត្វឆ្កែ និងសត្វចិញ្ចឹមផ្សេងទៀតចោលនៅក្នុងរថយន្ត មិនមែនជារឿងប្រសើរនោះឡើយ។ ការសិក្សាមួយកាលពីឆ្នាំ២០១៤ របស់អង្គការអង់គ្លេស Dogs Trust បានបង្ហាញថា មនុស្សតែជាងមួយនាក់ប៉ុណ្ណោះ ក្នុងចំណោម១០នាក់ ដែលបានដឹងថា ការទុកឆ្កែចោលក្នុងរថយន្តគឺជារឿងគ្រោះថ្នាក់ ពោលគឺវាអាចស្លាប់បានដោយងាយ។ ឆ្កែដែលស្ថិតក្នុងរថយន្តក្តៅមួយ កំដៅក្នុងខ្លួនរបស់វាអាចឡើងដល់ទៅ៤១អង្សារសេ។ អង្គការ RSPCA បានលើកឡើង ប្រសិនបើកំដៅខាងក្រៅ២២អង្សារ ក្នុងរថយន្តអាចកើនដល់៤៧អង្សាក្នុងរយៈពេល១ម៉ោង ដូច្នេះ ជីវិតសត្វឆ្កែ កាន់តែមានគ្រោះថ្នាក់។
២. កូនក្មេង៖

ករណីនេះ មិនចាំបាច់អ្នកជំនាញប្រាប់នោះឡើយ។ របាយការណ៍ បានបង្ហាញផងដែរថា កុមារស្លាប់ក្នុងរថយន្តដែលមានកំដៅក្តៅ មានប្រមាណ៣៨ករណីជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ អ្នកជំនាញបានពិសោធន៍រួចហើយថា ការទុករថយន្តចោលដោយមិនបើកម៉ាស៊ីនត្រជាក់ វាចាប់ផ្តើមឡើងកំដៅក្នុងរង្វង់១០នាទី។ កុមារមិនអាចទ្រាំទ្របាននោះឡើយ ដូច្នេះឪពុកម្តាយកុំធ្វេសប្រហែសឲ្យសោះ។
៣. ទឹកច្រកក្នុងដបប្លាស្ទិក៖

ទុកទឹកក្នុងរថយន្តមិនដែលមានបញ្ហាចោទអ្វីឡើយ ប៉ុន្តែអ្នកជំនាញបានព្រមានពីហានីភ័យផ្នែកសុខភាព បង្កឡើងដោយផលិតផលគីមីសំយោគ Bisphenol A និងសារធាតុ Phthalates ដែលមាននៅក្នុងផ្លាស្ទិក។ ការទុកទឹកក្នុងរថយន្តក្តៅអាចឲ្យសារធាតុគីមីទាំងនោះ ជ្រាបចូលលាយឡំទៅក្នុងទឹក ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ពេល។
៤. ស្មាតហ្វូន និងឧបករណ៍ថាមពលអេឡិចត្រូនិកផ្សេងៗ៖

ស្មាតហ្វូនទំនើបតែងតែរំលឹកអ្នកនៅពេលដែលអ្នកលេងវា និងទុកវាក្នុងបរិយាកាសក្តៅខ្លាំងពេក។ ឧបករណ៍អេឡិចត្រូនិក និងថ្មផ្សេងៗ ត្រូវតែស្ថិតនៅក្នុងកំដៅសមរម្យ មិនគួរលើពី៤០អង្សារសេនោះឡើយ។ កុំព្យូទ័រ DVD, MP3 Players ឬកាម៉េរ៉ា ជាដើម មិនត្រូវស្ថិតនៅក្នុងរថយន្តដែលមានកំដៅនោះឡើយ។
៥. ក្រែមការពារកំដៅថ្ងៃ ឬផលិតផលជំនួយស្បែក៖

ផលិតផលដែលប្រើប្រាស់ដើម្បីការពារកំដៅថ្ងៃ ប៉ុន្តែមិនអាចទុកក្នុងរថយន្តដែលមានកំដៅ ជារឿងអស់សំណើចមួយ។ ទោះបីជាយ៉ាងក៏ដោយ ករណីជាច្រើនបានកើតឡើងរួចទៅហើយ ដូចវត្ថុធាតុនៃផលិតផលទាំងនោះ បានរលាយ ហើយករណីខ្លះ មានការផ្ទុះដបក្រែមទៀតផងដែរ។
៦. សារធាតុអាអេរ៉ូសូល (Aerosol)៖

អាអេរ៉ូសូលដែលជាសារធាតុផ្ទុកក្នុងកំប៉ុងដែលបាញ់ទៅចេញជាផ្សែង ឬអ័ព្ទ មានដូចជាស្ប្រាយបំបាត់ក្លិន និងបាញ់សក់ជាដើម។ អ្នកជំនាញបានណែនាំថា ការទុកវាក្នុងរថយន្ត ហើយឡើងកំដៅរហូតដល់ទៅ៤៨អង្សារសេ និងបណ្តាលឲ្យផ្ទុះ។
៧. ស្រា៖

បើទិញស្រាពីព្រឹក សូមកុំទុកចោលក្នុងរថយន្តយូរពេក។ ពិតណាស់ ស្រាត្រូវកំដៅ នឹងធ្វើឲ្យគុណភាពវាធ្លាក់ចុះ ហើយបន្ថែមពីលើនេះ ការសិក្សាមួយបង្ហាញថា កំដៅវាអាចបង្កឲ្យមានសមាសអេទីល កាបាម៉ាត (ethyl carbamat/EC) ដែលអាចបង្កទៅជាជំងឺមហារីក។
៨. វែនតាការពារពន្លឺថ្ងៃ៖

ភ័យខ្លាចបាត់វែនតាការពារពន្លឺថ្ងៃ គឺជារឿងមួយ ប៉ុន្តែទុកវាចោលក្នុងរថយន្តដែលមានកំដៅ នឹងបង្កឲ្យមានរឿងដ៏អវិជ្ជមានមួយទៀត។ ដងវែនតាដែលធ្វើពីប្លាស្ទិក មិនអាចស៊ាំនឹងកំដៅពេកនោះ ទេ វានឹងដូរពណ៌ ហើយកញ្ចប់កាន់តែស្រអាប់។
៩. ថ្នាំពេទ្យ៖

រាល់ថ្នាំពេទ្យ ត្រូវតែស្ថិតក្រោមកំដៅដែលមានការណែនាំច្បាស់លាស់ ពិសេសប្រភេទថ្នាំព្យាបាលកុមារ ដូចជា Calpol និង Nurofen ជាដើម។ ការដាក់ថ្នាំពេទ្យក្រោមកំដៅលើសពី២៥អង្សារសេ អាចបង្កគ្រោះថ្នាក់គ្រប់ពេល ដោយថ្នាំពេទ្យនឹងខូចគុណភាព ហើយអ្នកលេបប្រឈមគ្រោះដល់ជីវិត។
១០. ក្រែមលាបបបូរមាត់៖

សុភាពនារី កុំខ្ជិលឲ្យសោះក្នុងការដាក់ក្រែមលាបបបូរមាត់តាមខ្លួន ជំនួសឲ្យការទុកចោលក្នុងរថយន្ត។ មិនមានការបង្ហាញលទ្ធផលវិទ្យាសាស្ត្រអ្វីជាក់ស្តែងឡើយ តែអ្នកទាំងអស់គ្នាដឹងហើយថា កំដៅខ្លាំងនឹងបណ្តាលឲ្យវារលាយ។
១១. ភេសជ្ជៈកំប៉ុងដែលមានជាតិហ្គាស៖

មនុស្សតិចបំផុតដែលមិនធ្លាប់គាស់ភេសជ្ជៈផឹកនៅក្នុងរថយន្ត។ ករណីនេះ មិនជាបញ្ហាអ្វីឡើយ ប៉ុន្តែការទុកវាចោលក្រោមកំដៅក្តៅ អាចបង្កឲ្យមានការផ្ទុះហ្គាសចេញពីកំប៉ុង ជាពិសេសភេសជ្ជៈដែលមានជាតិស្ករ។
១២. ដែកកេះ៖

បើមិនកេះ ធ្វើម៉េចបានឆេះ? កុំឆ្ងល់នឹងសំណួរនេះឲ្យសោះ។ ដែកកេះ គឺជាឧបករណ៍មួយដែលអាចផ្ទុះគ្រប់ពេល ជាពិសេសនៅពេលទុកចោលវាក្នុងរថយន្តក្តៅខ្លាំង ទោះបីជាមិនមានភ្លើងក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com