បុរសវ័យ៧០ឆ្នាំម្នាក់ បានជាប់ឃុំ ព្រោះចែកចាយរូបភាពប្រមាថព្រះមហាក្សត្រលើហ្វេសប៊ុក
- ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ម៉ោង ១១:៥៧ នាទី ព្រឹក

សៀមរាប៖ ចៅក្រមស៊ើបសួរនៃតុលាការដំបូងខេត្តសៀមរាប បានបញ្ជាឲ្យនគរបាលឃុំខ្លួនបុរសជាជាងកាត់សក់ម្នាក់ ឈ្មោះ បាន សម្ភីរ ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» ដោយសារតែបានចែកចាយបន្តពីហ្វេសប៊ុកឈ្មោះ Khmer Thatcher កាលពីថ្ងៃទី១៣ ខែឧសភា នូវរូបភាព និងខ្លឹមសារ ដែលមានអត្ថន័យ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។

ដីកាបង្គាប់របស់លោក ងួន ណារ៉ា ចៅក្រមស៊ើបសួរនៃតុលាការដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យឃុំខ្លួនបុរសខាងលើ ដែលមានវ័យ៧០ឆ្នាំ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ លោក បាន សម្ភីរ ត្រូវបានមន្ត្រីនគរបាលខេត្តសៀមរាប ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា នៅស្រុកជីក្រែង ខេត្តសៀមរាប។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានបុរសម្នាក់ឈ្មោះ លោក ឃាង ណាវី ដែលជានាយកសាលាព្រៃតាហ៊ូ ខេត្តកំពង់ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចមកហើយ ពីបទប្រមាថព្រះមហាក្សត្រ។
អត្ថបទទាក់ទង
ក្រមព្រហ្មទណ្ឌ បានកំណត់ថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: