«ឧទានសព្ទ» បញ្ជាក់ពី ភាពត្រេកអរ, រីករាយ, ភ័យ, ភ្ញាក់ផ្អើល
- ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

«ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។

ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។
នៅមានឧទានសព្ទដទៃទៀត ដូចជា អូ, អ្ហេ, អ្ហា៎, អីយ៉ា, នែ, យី, យីអើ, អូយ, ណែណេះ, នុ៎ះ, នោះន៎, ម៉ាច់ហើយ, អស្ចារ្យ, ចម្លែក, អីយ៉ាស់, អូយយ៉ា, អូយយ៉ះ, ចុំ, ហ៊ីស, យើស, ណ្ហើយ, អើ, យើ។ល។ អីយ៉ាស់! កាបូបរបស់ឯងពិតជាមានតម្លៃថ្លៃណាស់ណ៎! អើ! វាពិតជាថ្លៃមែន ហើយគុណភាពរបស់វាក៏ល្អផងដែរ។
ពាក្យទាំងអស់នេះ ជាការបង្ហាញអារម្មណ៍លាយឡំគ្នា មានទាំងសរសើរ, រីករាយ, ត្រេកអរ ភ័យខ្លាច, ជាដើម។ នេះបើយោងតាមវេយ្យាករណ៍ខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: