ទម្លាប់អវិជ្ជមានមួយចំនួនរបស់អ្នកប្រើប្រាស់ផ្លូវ ដែលបណ្ដាលឱ្យស្ទះចរាចរណ៍
- ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ នាទី យប់

អ្នកមានបន្ទោសប៉ូលិសចរាចរណ៍ថាអសមត្ថភាពធ្វើការមិនល្អ។ អ្នកក្របន្ទោសអ្នកមានឡានទំនើបៗជិះ តែបើកមិនគោរពច្បាប់។ ប៉ូលិសបន្ទោសអ្នកប្រើប្រាស់ផ្លូវថា គោរពច្បាប់ព្រោះតែការផាកពិន័យ។ ហេតុអ្វីបានជាពួកគេចេះតែបន្ទោសគ្នាទៅវិញទៅមកដោយគ្មានទំនួលខុសត្រូវ និងមិនមើលពីកំហុសខ្លួនយ៉ាងដូច្នេះ? តើហេតុអ្វីមនុស្សមួយចំនួនចូលចិត្តឱ្យអ្នកដទៃបង្គាប់បញ្ជាខ្លួន ធ្វើរឿងដែលខ្លួនអាចធ្វើបានទៅវិញ?

ការស្ទះចរាចរណ៍ ជាកង្វល់មួយសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។ អ្នកប្រើប្រាស់ផ្លូវភាគច្រើន រអ៊ូរទាំរឿងស្ទះចរាចរណ៍គ្រប់មាត់ ថាត្រូវចំណាយពេលយូរ ចំណាយសាំងឥតប្រយោជន៍ ខូចសុខភាពជាដើម។ តែពួកគេបែរជាព្យាយាម ធ្វើឱ្យស្ទះចរាចរណ៍ តាមរយៈសកម្មភាពខ្លួនទៅវិញ។ ការលក់ដូរលើចំណីផ្លូវ ការបើកបរមិនគោរពច្បាប់ និងសិទ្ធិអាទិភាព ការចតយានជំនិះគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ ពេលត្រូវទិញទំនិញផ្សេងៗ។ ការយកចំណីផ្លូវ សម្រាប់ផ្ញើឡានម៉ូតូ ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួននៅតាមផ្សារ និងហាងមួយចំនួន។ តើអ្នកមានចំណែកក្នុងបញ្ហាខាងលើឬទេ?
បើសង្កេតឱ្យមែនទែនទៅ មិនមែនអ្នកប្រើប្រាស់ដងផ្លូវទាំងនោះ មិនដឹងទេថា ការធ្វើទង្វើបែបនេះ ប៉ះពាល់ប្រយោជន៍សាធារណៈ។ តែហេតុអ្វីពួកគេនៅតែបន្តធ្វើបែបនេះ? តើអ្វីជាដើមចម?
អ្នកលក់តាមផ្លូវ
អ្នកលក់ដូរតិចតួចតាមរទេះ ឬកង់ម៉ូតូ លើចំណីផ្លូវ មានលេសជាច្រើន ដើម្បីគាំទ្រសកម្មភាពខុសឆ្គងរបស់ខ្លួន។ ពួកគេ អាចនឹង មានលេសថា៖«ខ្ញុំក្រ គ្មានប្រាក់ជួលកន្លែងសមរម្យលក់ជាអចិន្ត្រៃយ៍។ លក់នៅទីនេះ តែរយៈពេលខ្លី។ បើយើងមិនលក់ក៏គេលក់។ គោរពច្រើនពេកកូនអត់បាយ។ ទម្លាប់ខ្ញុំលក់តែបែបនេះ តាំងពីដើមមកហើយ។ លក់តែប៉ុណ្ណេះ វាមិនប៉ះពាល់ប៉ុន្មានទេ»។
ផ្លូវចត
ផ្លូវតូចស្រាប់ទៅហើយ តែម្ចាស់ឡាន ម៉ូតូ ម៉ូតូកង់បី ឆ្លៀតដាក់យានជំនិះ តាមផ្លូវជាហូរហែ។ កន្លែងខ្លះ ដាក់ទាំងសងខាងផ្លូវទៅទៀត គ្រាន់តែម៉ូតូជៀសគ្នាសឹងមិនរួច។ គ្រប់ផ្លូវដែលមានការលក់ដូរ អ្នកទិញរាប់តាំងពីជិះឡានទំនើប ដល់ជិះកង់ ឈប់ទិញចំណី ចតឡានស្ទើរតែមួយចំហៀងផ្លូវគ្មានរបៀប ចង់អ្នកណាស្ទះក៏មិនខ្វល់។
ចំណត
នៅតាមផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ (មែនមែនផ្សារទំនើប) កន្លែងផ្ញើម៉ូតូនៅជំវិញផ្សារ ស៊ីចំណីផ្លូវជាងពាក់កណ្ដាលផ្លូវទៅហើយ។
បញ្ច្រាសផ្លូវ
ម៉ូតូ ម៉ូតូកង់បី កង់ រួមទាំងឡានខ្លះផង បើកបញ្ច្រាសផ្លូវទាំងជួរៗ ដោយមិនខ្វល់ពីអ្នកជិះស្របផ្លូវ ឬការកកស្ទះបន្តិចសោះ។ ពេលខ្លះ ធ្វើឲ្យអ្នកជិះស្របផ្លូវ ត្រូវគេចពីអ្នកជិះបញ្ច្រាសផ្លូវទៅវិញ។ អ្នកខ្លះពោលថា ជិះបញ្ច្រាសជិតជាងជិះបណ្ដោយ។
ភ្លើងបញ្ជាចរាចរណ៍ (ស្តុប)
ភ្លើងខៀវអស់ ចូលភ្លើងលឿង តម្រូវឱ្យបន្ថយល្បឿន តែអ្នកបញ្ជាយានយន្ត មើលថាមិនសូវមានម៉ូតូ ទោះដល់ភ្លើងក្រហម ក៏រឹតបន្ថែមល្បឿនឱ្យផុត។ គំនូសឆ្នូតសកាត់ទទឹងផ្លូវ បញ្ជាក់ទីតាំងរង់ចាំភ្លើងសញ្ញាសម្រាប់យានជំនិះគ្រប់ប្រភេទ តែពួកគេបែរជាទៅឈប់លើគំនូសឆ្នូត សសម្រាប់អ្នកថ្មើរជើងទៅវិញ។ អ្នកខ្លះឈប់រង់ចាំភ្លើងមិនដល់មួយនាទីផង ចាំមិនបាន រំកិលទៅមុខ ធ្វើឱ្យរំខានដល់អ្នកមានសិទ្ធិអាទិភាព។ គេមើលមុខគ្រប់គ្នា។
ប៉ូលិសចរាចរណ៍
ប៉ូលិសចរាចរណ៍ ត្រូវប្រចាំការនៅតាមមុខសញ្ញាដែលតែងតែមានការកកស្ទះខ្លាំង ទោះបើមានភ្លើងបញ្ជាដំណើរ ក៏ដោយចុះ។ កន្លែងខ្លះ ផ្លូវមិនត្រូវស្ទះសោះ ក៏ចេះស្ទះទៅរួច ព្រោះតែជិះមិនចេះគោរពគ្នា។ ប៉ូលិសខ្លះ ត្រូវចាំសម្រួលចរាចរណ៍ទាំងភ្លៀងរលឹម ព្រោះជាពេលដែលមនុស្សយកលឿនតែរៀងខ្លួន។ ប៉ូលិសត្រូវទៅចាំចាប់អ្នកជិះបញ្ច្រាស នៅចំណុចផ្លូវមួយចំនួនដែលតែងតែមានករណីនេះ។ តែបើបាត់ប៉ូលិស ពួកគេ ក៏ជិះបញ្ច្រាសវិញដដែល។ អ្នកខ្លះត្រូវប៉ូលិសពិន័យ ព្រោះតែខ្លួនខុស តែបែរជាខឹងប៉ូលិសទៅវិញ។
អ្នកគោរពច្បាប់
អ្នកដែលគោរពច្បាប់ តែងនឿយហត់នឹងអ្នកដែលមានទម្លាប់អវិជ្ជមានខាងលើ។ ចំណុចអវិជ្ជមានទាំងនេះ បណ្តាលឲ្យការធ្វើដំណើរលើផ្លូវគ្មានសណ្ដាប់ធ្នាប់ សឹងតែក្លាយជាទម្លាប់ទៅហើយ។ អ្នកខ្លះបន្ទោសប៉ូលិស ឬ ច្បាប់ស្រុកខ្មែរថាអនុវត្តមិនតឹងរឹង។

ការបន្ទោសគ្នាទៅវិញទៅមក ដោយគ្មានទំនួលខុសត្រូវ ហើយដណ្តើមយកតែត្រូវរៀងខ្លួន ទាំងដែលខ្លួនកំពុងរួមចំណែកធ្វើខុសរាល់ថ្ងៃនោះ មិនអាចធ្វើឱ្យសង្គមប្រសើរឡើងនោះទេ។ ទង្វើខុសឆ្គងទាំងឡាយ ដែលអ្នកប្រើប្រាស់ផ្លូវកំពុងតែធ្វើនេះ នឹងជាគំរូដ៏អាក្រក់ សម្រាប់ក្មេងជំនាន់ក្រោយ។
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ អ្នកបើកបរម្នាក់ៗ ត្រូវតែគោរពច្បាប់ និងសិទ្ធិគ្នាទៅវិញទៅមក ក្នុងការបើករ ហើយអ្នកប្រើប្រាស់ផ្លូវម្នាក់ៗ ត្រូវជៀសវាងឱ្យបាន ទម្លាប់អវិជ្ជមានខាងលើ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: