«ញុះ, ញោស, ញាស់ និងញោះ» មានខ្លឹមសារខុសគ្នាដូចម្តេច?
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

នៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «ញុះ ញោស ញាស់ និងញោះ» មានន័យខុសគ្នាទាំងស្រុង។ តើពាក្យទាំងនេះមានការបែងចែកពីរបៀបប្រើប្រាស់ខុសគ្នាដូចម្តេច?

សម្តេចព្រះសង្ឃរាជ បានពន្យល់ថា ពាក្យ «ញុះ» មានន័យថា ការនិយាយចាក់រុកនាំអុចអាលឲ្យគេឈ្លោះគ្នា ឲ្យគេរឹតតែខឹង ឲ្យរឹតតែក្តៅទៅៗ និងការនិយាយនាំរឿងឲ្យគេបែកបាក់សាមគ្គី។ «ញុះ» ច្រើនតែប្រើផ្សំជាមួយពាក្យ ញង់ ឬញយ បានន័យថា ញុះញង់ ឬញុះញយ គឺនិយាយឲ្យគេទាស់ទែងគ្នា។ ការញុះញង់ ខ្លះធ្វើឲ្យគេអាចឈានទៅដល់ការបែកគ្នា និងអាចប្រើអំពើហិង្សាផងដែរ នោះបើគេមិនបានគិត និងពិចារណាឲ្យបានល្អិតល្អន់។
តាមការពន្យល់របស់សម្តេចព្រះសង្ឃរាជដដែល ពាក្យ «ញោស» បើសំដៅលើ ផ្លែស្វាយ មានន័យថា ស្វាយដែលទុំជ្រុលហួសពីធម្មតា ដែលគេហៅថា ស្វាយទុំញោស។ តែបើសំដៅលើ មនុស្សចាស់ គឺចាស់ញោស ដែលជាចាស់គ្រាំគ្រាទ្រែមទ្រមខ្លាំង។ ជាកិរិយាសព្ទ មានន័យថា ជ្រុលហួសប្រមាណ, ហួសហេតុ។
សម្រាប់ពាក្យ «ញាស់» ជាកិរិយាសព្ទ សំដៅលើ សត្វដែលកើតចេញពីស៊ុត និយាយចំពោះតែសត្វដែលជាអណ្ឌជៈ។ កូនមាន់ទើបនឹងញាស់។ ចំណែកពាក្យ «ញោះ» មានន័យថា ការវាយគោះ ដោយចុងដំបង,ចុងអន្លូង,ចុងញញួរ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: