Ronaldo ព្រមបង់ពន្ធ២២លានដុល្លារឲ្យអាជ្ញាធរអេស្ប៉ាញដើម្បីរួចទោសជាប់គុក២ឆ្នាំ
- ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ៧:៣៩ នាទី ល្ងាច

អាជ្ញាធរពន្ធដារអេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀងទទួលយកប្រាក់ចំនួន១៩លានអឺរ៉ូ (២២លានដុល្លារអាមេរិក) ពី Cristiano Ronaldo ដើម្បីគេចផុតពីការកាត់ទោសជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ា Elpais។

អត្ថបទទាក់ទង
អ្នកច្បាប់នៅអេស្ប៉ាញបានប្រាប់ទីភ្នាក់ងារព័ត៌មាន EFE ថាអតីតខ្សែប្រយុទ្ធ Real Madrid ដែលបច្ចុប្បន្នបានផ្លាស់ទៅចូលរួមជាមួយ Juventus នៃក្របខណ្ឌអ៊ីតាលី Serie A មានទោសកំហុសចំនួន៤ករណី ជុំវិញការគេចវេះពីការបង់ពន្ធ។
កាលពីកន្លងទៅ ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានចោទប្រកាន់ថា អត្តពលិកដែលមានប្រាក់ខែខ្ពស់ជាងគេលើលោកនេះ មិនបានបង់ពន្ធចូលរដ្ឋក្នុងចំនួនទឹកប្រាក់ដ៏ច្រើនគិតចាប់តាំងពីឆ្នាំ ២០១០ មក។
តែយ៉ាងណា អតីតតារាឆ្នើម Manchester United ក៏ធ្លាប់បានបដិសេធការចោទប្រកាន់នេះម្តងរួចមកហើយ ដោយនិយាយថា "សតិសម្បជញ្ញៈរបស់គេគឺច្បាស់លាស់"។
ករណីនេះជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលទាក់ទងទៅនឹងការទាញយកប្រយោជន៍ពីរចនាសម្ព័ន្ធក្រុមហ៊ុនមួយដែលបានបង្កើតនៅឆ្នាំ ២០១០ ដើម្បីលាក់ប្រាក់ចំណូលដែលរកបាននៅអេស្ប៉ាញរបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ក្នុងចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៤ អំឡុងពេលដែលរូបគេត្រូវបានគេគិតថាបានគេចវេសបង់ពន្ធចំនួន ១៤,៧ លានអ៊ឺរ៉ូ (១៧,១២លានដុល្លារ)។
យ៉ាងណាកិច្ចចរចាចុងក្រោយបានកាត់បន្ថយសល់ត្រឹម ៦,៦៤លានដុល្លារ ប៉ុន្តែសរុបទាំងការបង់ការប្រាក់ និងការផាកពិន័យសរុបបានកើនដល់២២លានដុល្លារអាមេរិក។
ថ្លៃពន្ធរហូតដល់ ២២លានដុល្លារខាងលើនេះ ត្រូវបានម្ចាសប់ពាន Ballon d'Or ៤សម័យកាល យល់ព្រមបង់ទៅឲ្យអាជ្ញាធរពន្ធដារនៃប្រទេសអេស្ប៉ាញដើម្បីជាថ្នូរនឹងការរួចផុតពីការដាក់ទោសជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: