Fans អាល្លឺម៉ង់រាប់រយនាក់ចេញមុខតវ៉ាដើម្បីគាំទ្រ Ozil ក្រោយឈប់លេងឲ្យជម្រើសជាតិ
- ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ៨:៣៩ នាទី យប់

ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ Mesut Ozil បន្ទាប់ពីរូបគេបានប្រកាសចាកចេញពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិដោយសារមានការតិះទាន និងប្រកាន់ពូជសាសន៍កន្លងមក។

BBC ចុះផ្សាយថា ក្រុមអ្នកគាំទ្រទាំងនោះបានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៩ ខែកក្កដាដោយពាក់អាវរបស់ Ozil ដែលមានពាកស្លោក«I am Ozil» ព្រមទាំងគ្រវីទង់ជាតិតួកគីរួមគ្នានឹងទង់ជាតិអាល្លឺម៉ង់ដោយមានសាមគ្គីភាពទៀតផង។
ខ្សែបម្រើក្រុម Arsenal រូបនេះធ្លាប់អះអាងថា ខ្លួននិងក្រុមគ្រួសារបានទទួលការគំរាមកំហែងតាមទូរសព្ទ និងរើសអើងពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមិនអាចជួយក្រុមរហស្សនាមឥន្ទ្រីដែកឆ្លងផុតវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីកន្លងទៅ។
អតីតសមាជិក Real Madrid វ័យ២៩ឆ្នាំដែលមានសាច់ឈាមតួកគី តែកើតលើទឹកដីអាល្លឺម៉ង់ ក៏ទទួលការរិះគន់ខ្លាំងៗពី សំណាក់លោក Reinhard Grindel ប្រធានសមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB)ផងដែរ បន្ទាប់ពីរូបគេបានជួបជាមួយប្រធានាធិបតួកគីលោក Recep Tayyip Erdogan ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយសម្រេចចិត្តឈប់លេងឲ្យជម្រើសជាតិតែម្តង។

Ozil បានសរសេរបែបឌឺដងទៀតថា៖ «ខ្ញុំជាជនជាតិអាល្លឺម៉ង់ នៅពេលដែលយើងឈ្នះ ហើយជាជនអន្តោប្រវេសន៍ នៅពេលយើងចាញ់»។
យ៉ាងណាក៏ដោយជុំវិញការលើកឡើងរបស់ Ozil ខាងលើ DFB ក៏បានឆ្លើយបដិសេធការចោទមកលើស្ថាប័នខ្លួនផងដែរ ដោយលើកឡើងថាពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រឆាំងទៅនឹងសកម្មភាពរើសអើងច្រើនលើកច្រើនសារក្នុងប្រទេសអាល្លឺម៉ង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ថា ពួកគេទទួលស្គាល់ថាមិនបានដោះស្រាយបញ្ហាឲ្យបានល្អប្រសើរពិតមែនជុំវិញការរិះគន់របស់អ្នកគាំទ្រ ប៉ុន្តែស្ថាប័នមួយនេះ «ពិតជាសោកស្តាយដែល Mesut Ozil មានអារម្មណ៍ថាគាត់មិនត្រូវបានការការពារគ្រប់គ្រាន់ ហើយព្រមទាំងប្រើពាក្យប្រកាន់ជាតិសាសន៍ថែមទៀត»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: