គ្រូ Real ៖ Bale ជាអ្នកជំនួសតំណែង Ronaldo
- ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ៩:៥៩ នាទី យប់

អ្នកចាត់ការទូទៅថ្មី Real Madrid លោក Julen Lopetegui ជឿជាក់ថា Gareth Bale អាចជួយបំពេញចន្លោះប្រហោងក្រោយការចាកចេញរបស់ Cristiano Ronaldo បាន។ ការលើកឡើងបែបនេះមានន័យថាខ្សែប្រយុទ្ធសញ្ជាតិវេលសិ៍ នឹងមិនចាកចេញទៅណានោះទេ ហើយក្លិបយក្សអេស្ប៉ាញមួយនេះក៏ប្រហែលជាមិនរកកីឡាករល្បីរូបណាផ្សេងទៀតមកកាន់ទឹកដី Bernabeu នៅរដូវកាលថ្មីនេះដែរ។

Bale ធ្លាប់ត្រូវបានសារព័ត៌មានចុះផ្សាយថាចង់ចាកចេញពី Real បន្ទាប់ពីមិនជាប់ក្នុងជម្រើសដំបូងកាលស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane កាលពីរដូវកាលមុន ដោយសារវត្តមាន Ronaldo និង Isco ជាដើម។ Manchester United ក៏ជាក្លិបមួយដែលបានបង្ហាញការចាប់អារម្មណ៍លើរូបគេផងដែរ។
ប៉ុន្តែក្រោយ អតីតគ្រូជម្រើសជាតិអេស្ប៉ាញឡើងមកដឹកនាំ ហើយ Ronaldo បានផ្លាស់ទៅចូលរួមជាមួយ Juventus ទៀតនោះ ជាហេតុធ្វើឲ្យអតីតសមាជិកក្រុម Tottenham Hostpur ហាក់សម្លឹងឃើញតំណែងរបស់ខ្លួនវិញ។

« Bale រីករាយនឹងបន្តលេងឲ្យ Real Madrid។ Ronaldo គឺជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Real Madrid នាពេលបច្ចុប្បន្ន។ ប៉ុន្តែគាត់មានបំណងចង់ចាកចេញ ហើយយើងក៏បានអនុញ្ញាតិ»។ លោក Lopetegui និយាយដូច្នេះ។
អ្នកចាត់ការវ័យ៥១ឆ្នាំ បន្ថែមថា៖« Gareth Bale គឺជាកីឡាករដ៏ឆ្នើមម្នាក់ដែលមានគុណសម្បត្តិច្រើនគ្រប់គ្រាន់ដើម្បីជួយបំពេញចន្លោះប្រហោងនេះបាន»។
ខ្សែប្រយុទ្ធវ័យ២៩ ឆ្នាំរូបនេះ បានផ្លាស់ទៅចូលរួមជាមួយក្លិបរហស្សនាមស្តេចសកាលពីឆ្នាំ ២០១៣ ក្នុងតម្លៃបំបែកកំណត់ត្រា ៨៧លានផោន (១១៤លានដុល្លារអាមេរិក)។ ក្រោយការស្នាក់រយៈពេល៥ឆ្នាំ Bale បានឈ្នះពាន Champions League ចំនួន៤ដង ដោយលើកចុងក្រោយ រូបគេជាអ្នកស៊ុតបញ្ចូលទីដល់ទៅពីរគ្រាប់ក្នុងជ័យជម្នះ ៣-១ លើក្រុម Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីខែឧសភាកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: