ក្រោយចាញ់ Man City គ្រូ Chelsea មើលឃើញផលវិបាក ប្រសិនបាត់បង់ Hazard និង Willaim
- ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១០:៥៩ នាទី យប់

ក្រុម Manchester City បានទទួលជ័យជម្នះ ២-០ លើក្រុម Chelsea ក្នុងការប្រកួតដណ្តើមពានរង្វាន់ Community Shield នៅឯកីឡដ្ឋាន Wembley នៅថ្ងៃទី ៥ ខែសីហា។ ក្រោយទទួលការបរជ័យនេះអ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri បានមើលឃើញពីបញ្ហាធំៗមួយចំនួនរបស់ក្រុមតោខៀវដែលនឹងត្រូវប្រឈមមុខក្នុងការប្រជែងពានសម្រាប់រដូវកាលថ្មី។

ក្នុងនាមជាអ្នកចាត់ការថ្មី លោក Sarri បានដឹងរួចទៅហើយថាលោកអាចនឹងបាត់បង់កីឡាករល្អៗ ដូចជាខ្សែបម្រើ Eden Hazard, Willian និងអ្នកចាំទី Thibaut Courtois ដែលកំពុងមានទំនាក់ទំនងទៅការផ្ទេរចេញពីទឹកដី Stamford Bridge អំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងមមាញឹក។
បើតាមការផ្សាយរបស់ BBC បើទោះបីទើបដឹកនាំបានប៉ុន្មានប្រកួតក្តី ប៉ុន្តែអតីតអ្នកចាត់ការ Napoli រូបនេះ មើលឃើញពីបញ្ហាប្រឈមអំពីទម្រង់លេងរបស់ Chelsea ហើយជាពិសេសគឺក្នុងការប្រកួតចុងក្រោយនៅទឹកដី Wembley ដែលបរាជ័យក្រោមថ្វីជើងរបស់ក្រុម Man City នោះ។

ក្លិប Real Madrid កំពុងព្យាយាមទាក់ទង Hazard ខណៈខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមតាំងពីបញ្ចប់យុទ្ធនាការ World Cup មកម្លេះ។ ដោយឡែក Willian ក៏ត្រូវបានចាប់អារម្មណ៍ពីក្លិបយក្សអេស្ប៉ាញ Barcelona ផងដែរ តែសមាជិកក្រុមជម្រើសជាតិប្រេស៊ីវ័យ២៩ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យ Chelsea ក្នុងការប្រកួតពាន Community Shield។
ជុំវិញបញ្ហានេះ អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៥៩ឆ្នាំ លើកឡើងថាប្រសិនបើកីឡាករពូកែញាក់ទាំងពីរនឹងបន្តស្នាក់នៅទឹកដីអង់គ្លេ នោះពួកគេគឺជាអ្នកនាំលេងនៅក្នុងប្រព័ន្ធ ៤-៣-៣ ដែលជាទម្រង់ល្អបំផុតក្រុម។ តែបើមិនដូច្នោះទេ ក្រុមនឹងប្រឈមមុខខ្លាំងដើម្បីប្រជែងពានដោយត្រូវរកអ្នកជំនួសឲ្យខាងតែបាននៅមុនពេលទីផ្សារបិទទ្វារ។

យ៉ាងណាក៏ដោយ Sarri ក៏បានមើលឃើញកីឡាករវ័យក្មេងមួយរូបគឺ Callum Hudson-Odoi ដែលបានបង្ហាញភាពប៉ិនប្រសប់របស់គេនៅតំបន់ស្លាបឆ្វេងនាការប្រកួតឲ្យ Chelsea ប៉ុន្មានប្រកួតចុងក្រោយ។ Hudson-Odoi មានវ័យទើបតែ ១៧ឆ្នាំ ក៏ត្រូវបានគេរំពឹងថានឹងអាចជំនួសតំណែងរបស់ Hazard ឬក៏ Willian នាពេលអនាគត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: