Vidal ថារំភើបចិត្តដែលបានរួមក្រុមជាមួយ Messi ក្រោយផ្លាស់ចេញពី Bayern Munich
- ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៦:៣៩ នាទី ល្ងាច

Arturo Vidal បានផ្ទេរចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona ជាផ្លូវការដោយយល់ព្រមចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ។ រូបគេបានបង្ហាញភាពរីករាយដែលបានក្លាយជាសមាជិកក្រុមរួមគ្នាជាមួយ Lionel Messi។

បើតាម Goal.com ខ្សែបម្រើសញ្ជាតិស៊ីលី វ័យ៣១ឆ្នាំរូបនេះមានតម្លៃខ្លួន ២៣លានផោន (៣០លានដុល្លារអាមេរិក) ដើម្បីចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ ទៅកាន់ក្លិបជើងឯកអេស្ប៉ាញ។
ការទៅដល់ទឹកដី Camp Nou អតីតខ្សែបម្រើឆ្នើម Juventus រូបនេះបានបង្ហាញពីអារម្មណ៍រីករាយដែលបានលេងរួមក្រុមជាមួយកំពូលកីឡាកររដូចជា Lionel Messi។


ក្នុងការបង្ហាញខ្លួនលើកដំបូងនៅក្លិបរហស្សនាមអ្នកមានបុណ្យ Vidal ដែលត្រូវមកជំនួសកន្លែង Paulinho ដែលត្រឡប់ទៅចូលរួមក្រុម Guangzhou Evergrande នៅចិនវិញនោះបានលើកឡើងថា៖«និយាយឲ្យស្មោះទៅ ខ្ញុំពិតជារីករាយខ្លាំងណាស់ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្ញុំនៅទីនេះ។ វាជាក្តីសុបិនក្លាយជាការពិត ខ្ញុំសង្ឃឹមថានឹងសម្រេចបាននូវគោលបំណងរបស់ខ្ញុំដើម្បីឈ្នះពានរង្វាន់ទាំងអស់ ហើយខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងនៅលើទីលានដើម្បីសម្រេចគោលបំណងនេះ។ ខ្ញុំពិតជារំភើបក្នុងការលេងជាមួយ Messi, Suarez, Sergio Busquets ... ពួកគេសុទ្ធតែជាកីឡាករដ៏អស្ចារ្យទាំងអស់»។
Vidal ធ្លាប់បានបង្ហាញខ្លួនឲ្យ Bayern Munich ៧៩ប្រកួត និងស៊ុបញ្ចូលទី១៤គ្រាប់ ក្រោយចាកចេញពី Juventus កាលពីឆ្នាំ២០១៥។ អតីតសមាជិកក្រុម Colo-Colo និង Bayer Leverkusen ក៏ជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិស៊ីលីផងដែរ ដោយបង្ហាញខ្លួន១០០ប្រកួតចាប់តាំងពីឆ្នាំ២០០៧មក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: