Fulham ជាក្រុមទើបឡើងពីលីគទី២ដំបូងគេដែលចាយលើសពី១០០លានដុលារទិញកីឡាករ
- ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៧:៣៩ នាទី ល្ងាច

Fulham ដែលទើបឡើងទៅកាន់ Premier League បានប្រកាសពីការចំណាយលើការទិញចូលកីឡាករថ្មីៗជាច្រើននៅមុនបើករដូវកាលក្នុងរង្វង់ទឹកប្រាក់រហូតដល់១០០លានផោន (១២៨លានដុល្លារអាមេរិក) ដែលនេះជាការចំណាយច្រើនបំផុតមិនធ្លាប់មានក្នុងនាមក្លិបដែលឡើងពីក្របខណ្ឌទី២ Championship។

ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីជនជាតិប៉ាគីស្ថាន Shahid Khan បានធ្លាក់ចេញពីក្របខណ្ឌកំពូល ទៅលេងក្នុងក្របខណ្ឌទី២អង់គ្លេសចាប់តាំងពីរដូវកាល ២០១៤-២០១៥មក ពោលគឺរយៈពេល៤រដូវកាលមកហើយមុនឡើងទៅកាន់ Premier League វិញនៅរដូវកាល២០១៨-២០១៩នេះ ក្រោយបានចំណាត់ថ្នាក់លេខ៣នៅ Championship កាលពីឆ្នាំមុន និងបន្តឈ្នះនៅវគ្គ Play-off។
Fullham បានបញ្ចេញខ្ទង់ចំណាយយ៉ាងច្រើនសម្រាប់រដូវកាលថ្មីនេះដោយបាននាំចូលកីឡាករទៅកាន់ទឹកដី Craven Cottage សរុបចំនួន ១១រូប ដែលក្នុងនោះកីឡាករទិញដាច់៧រូប និងលក្ខខណ្ឌខ្ចីជើង៥រូប។
កីឡាករទាំង៧ ដែលក្លិបមានមូលដ្ឋាននៅភាគខាងលិចក្រុងឡុងដ៏នេះ បានចំណាយប្រាក់ ១២៨លានដុល្លារអាមេរិក មានដូចជា Jean Michael Seri (Nice), Maxime Le Marchand (Nice), Fabricio Agosto Ramirez (Besiktas), Aleksandar Mitrovic (Newcastle), Alfie Mawson (Swansea), Joe Bryan (Bristol City) និង André-Frank Zambo Anguissa (Marseille)។
ដោយឡែកកីឡាករខ្ចីជើង៥រូបមាន Calum Chambers (Arsenal), Sergio Rico (Sevilla), Luciano Vietto (Atletico Madrid), Timothy Fosu-Mensah (Manchester United) និង Andre Schurrle (Borussia Dortmund)។
ការចំណាយរហូតដល់១២៨លានដុល្លារនេះមានន័យថាក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Slaviša Jokanović ក្លាយជាក្លិបទី១ ក្នុងនាមក្រុមទើបឡើងពីក្របខណ្ឌទី២ហើយហ៊ានចាយប្រាក់លើសពី១០០លានដុល្លារ។ Fulham ក៏ជាក្លិបលំដាប់ទី៣បន្ទាប់ពី Liverpool និងChelsea ដែលចំណាយច្រើនជាងគេក្នុងចំណោមក្លិបទាំង២០ នៅ Premier League រដូវកាលនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: