Silva លាក្រុមជម្រើសជាតិអេស្ប៉ាញដោយ «មោទកភាព»
- ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១០:២៦ នាទី ព្រឹក

David Silva ខ្សែបម្រើរបស់ Manchester City នៅថ្ងៃទី១៣ ខែសីហា បានប្រកាសចូលនិវត្តន៍ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយបង្ហាញខ្លួនរយៈពេល១២ឆ្នាំ។ មុនការប្រកាសរបស់ Silva មានមិត្តរួមជាតិរបស់គេពីររូបទៀតរួមមាន Gerard Pique និង Andres Iniesta ក៏បានបញ្ចប់អាជីពពីក្រុមជម្រើសជាតិដែរ។ នេះបើតាមការផ្សាយរបស់ AFP។

Silva ដែលបច្ចុប្បន្នមានវ័យ៣២ ឆ្នាំ ត្រូវបានជ្រើសរើសចូលជាជម្រើសជាតិឈុតធំលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបានជួយឲ្យអេស្ប៉ាញក្លាយជាម្ចាស់ជើងឯកពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១០ រួមទាំងឈ្នះពានប្រចាំទ្វីបអឺរ៉ុប Euro ពីរលើកជាប់គ្នាក្នុងឆ្នាំ២០០៨ និង២០១២។
«ខ្ញុំចាកចេញដោយមោទកភាព និងភាពសប្បាយរីករាយដោយទទួលបានអនុស្សាវរីយ៍ល្អៗដូចជាវីរបុរសរបស់អេស្ប៉ាញលោក Luis Aragones ដែលមិនអាចបំភ្លេចបាន»។ Silva និយាយដូច្នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ខ្សែបម្រើកូនកាត់ជប៉ុន-អេស្ប៉ាញរូបនេះបន្ថែមថា៖«ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃដើម្បីសម្រេចចិត្តលើរឿងនេះ។ ក្រុមជម្រើសជាតិបានផ្តល់ឲ្យខ្ញុំគ្រប់យ៉ាង និងជួយខ្ញុំបានរីកចម្រើនក្នុងនាមជាកីឡាករដ៏ល្អ»។
ការប្រកាសរបស់អតីតសមាជិកក្រុម Valencia គឺបន្ទាប់ពីការចូលនិវត្តន៍របស់ខ្សែការពារ Gerard Pique កាលពីសប្តាហ៍មុន រួមទាំងអតីតមិត្តរួមក្រុម Barcelona របស់គេ Andres Iniesta ដែលបានបញ្ចប់អាជីពពីក្រុមជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីទទួលការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: