របៀបអបអរគ្រាប់បាល់ថ្មីរបស់ Alli ទទួលការចាប់អារម្មណ៍ខ្លាំងពីកីឡាករល្បីៗ
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៩:១៩ នាទី យប់

មិនត្រឹមតែជាកីឡាករដែលពូកែបញ្ជូនបាល់ ឬសម្រេចទីនោះទេ Dele Alli បានបង្ហាញរបៀបអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីបែបថ្មីហើយប្លែករបស់គេក្នុងការប្រកួតដែល Tottenham Hotspur យកឈ្នះ Newcastle United នៅ Premier League កាលពីសប្តាហ៍មុន។

ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២២ឆ្នាំបានតែតបញ្ចូលទី១គ្រាប់ដើម្បីជួយ Spurs យកឈ្នះ Newcastle ២-១ សម្រាប់ការប្រកួតសប្តាហ៍ដំបូងក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាលថ្មី។

Alli បានអបអរគ្រាប់បាល់នោះជាមួយនឹងស្តាយប្លែកដោយយកម្រាមដៃចង្អុលនិងមេដៃរបស់គេដាក់លើភ្នែក ហើយបីម្រាមទៀតដាក់នៅលើថ្ងាស់។ ស្តាយអបអរថ្មីនោះមើលទៅហាក់ដូចជាសាមញ្ញមែនទែន ប៉ុន្តែមិនងាយស្រួលនឹងធ្វើតាមឡើយ។
របៀបអបអរគ្រាប់បាល់របស់ខ្សែបម្រើឆ្មើមក្រុមមាន់ខ្នាយមាសនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាកីឡាករល្បីៗនៅ Premier League។ ក្នុងនោះមានកីឡាកររបស់ Manchester United មួយចំនួន ដូចជា Paul Pogba, Andreas Pereira, Jesse Lingard និង Fred ជាដើម បានព្យាយាមធ្វើតាម Alli ហើយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះក៏ធ្វើមិនបានដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: