ប្រធានាធិបតីឥណ្ឌូណេស៊ីចេញពីរថយន្តទៅជិះម៉ូតូធំដើម្បីទាន់កម្មវិធីបើក Asian Games
- ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៨:៣៩ នាទី យប់

ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្នុងក្រុងហ្សាការតា បានទទួលការកោតសរសើរពីប្រជាជនឥណ្ឌូណេស៊ី និងអ្នកចូលរួមទាំងអស់សម្រាប់ការបង្ហាញខ្លួនដ៏អស្ចាពីសំណាក់ប្រធានាធិបតី ចូកូ វីដូដូ។

លោក ចូកូ វីដូដូប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោកបានជិះម៉ូតូធំចូលទៅក្នុងកីឡដ្ឋាន Gelora Bung Karno ដើម្បីចូលរួមកម្មវិធីបើកកីឡាប្រចាំទ្វីបអាស៊ីលើកទី១៨ជាផ្លូវការ។
នៅមុនពេលចាប់ផ្តើមពិធីបើកវីដេអូមួយបានបង្ហាញពីសកម្មភាពរបស់លោក Jokowi ស្លៀកពាក់ឈុតអាវធំចុះចេញពីរថយន្តទៅជិះម៉ូតូវិញដ្បិតផ្លូវមានការកកស្ទះចរាចរណ៍ដែលអាចយឺតយ៉ាវក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន GBK។
ឈុតវីដេអូដែលជាការសំដែងរយៈពេលជាង៦នាទីនោះ លោកប្រធានាធិបតីវ័យ៥៧ឆ្នាំបានពាក់មួកសុវត្ថិភាពពណ៌ខ្មៅបើកម៉ូតូបង្ហោះលើរថយន្ត និងឆ្លងកាត់ផ្លូវតូចៗដែលមើលទៅដូចជាអ្នកប្រើប្រាស់ម៉ូតូស្ទាត់ជំនាញដើម្បីធ្វើដំណើរទៅចូលរួមកម្មវិធីបើកកីឡាអាស៊ី។
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ បានចាប់ផ្តើមការប្រកួតផ្លូវការកាលពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានអត្តពលិក និងមន្ត្រីចូលរួមសរុបប្រមាណ១៦០០០នាក់ មកពី៤៥ ប្រទេសពីតំបន់អាស៊ីដោយប្រកួតលើ៤០ប្រភេទកីឡា និង៤៦៥វិញ្ញាសា ដែលធ្វើឡើងក្នុងក្រុងហ្សាការតា និងប៉ាឡាំបាង (Palembang) ស្ថិតលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: