ចិនបន្តនាំមុខក្នុងតារាង ដោយឈ្នះមេដាយច្រើនពីកីឡាហែលទឹក នៅ Asian Games
- ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៦:០១ នាទី ល្ងាច

គិតត្រឹមថ្ងៃទី២២ ខែសីហានេះ ពោលគឺមានរយៈពេល៤ថ្ងៃហើយចាប់តាំងពីបើកកម្មវិធីផ្លូវការណ៍នៃការប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី។ ចិនដែលជាក្រុមខ្លាំងជាងគេនៅតំបន់អាស៊ីកំពុងនាំមុខក្នុងតារាងមេដាយបណ្តោះអាសន្នដោយទទួលបាន៦៦មេដាយ ដែលក្នុងនោះ មេដាយមាស៣២ ប្រាក់២២ និងសំរិទ្ធ១២។
អ្វីដែលជាការកត់សំគាល់នោះ ក្នុងចំណោមមេដាយសរុបទាំង៦៦ ចិនអាចរកមេដាយបានច្រើនពីវិញ្ញាសាហែលទឹកក្នុងចំនួនសរុប២៧មេដាយ ក្នុងនោះមេដាយមាស១១ ប្រាក់៨ និងសំរិទ្ធ៨។

សម្រាប់ប្រភេទកីឡាផ្សេងទៀតមានដូចជា វិញ្ញាសាវ៉ូសូ ទទួលបាន ៦មេដាយមាស វិញ្ញាសាបាញ់កាំភ្លើង មាស៥ ប្រាក់១ និងសំរិទ្ធ១ វិញ្ញាសាជិះកង់ឡើងភ្នំ មាស២ ប្រាក់២ វិញ្ញាសាគុនដាវ មាស២ ប្រាក់៣ វិញ្ញាសាកាយសម្ព័ន្ធ មាស២ ប្រាក់១ សំរិទ្ធ១ វិញ្ញាសាចំបាប់ មាស២ ប្រាក់២ តេក្វាន់ដូ មាស១ ប្រាក់១ សំរិទ្ធ២ វិញ្ញាសាបាល់ទះក្នុងទឹក (Water Polo) មាស១ វិញ្ញាសាវាយសី ប្រាក់១ វិញ្ញាសាប្រណាំងកង់ ប្រាក់១ និងវិញ្ញាសាប្រណាំងទូកកាណូ/កាយ៉ាក់ ទទួលបាន២មេដាយប្រាក់។
ដោយឡែកជប៉ុននៅរក្សាចំណាត់ថ្នាក់ទី២បណ្តោះអាសន្នដដែល ដោយទទួលបានមេដាយសរុប៥៣ រួមមានមេដាយមាស១៥ ប្រាក់១៨ និងសំរិទ្ធ២០។ លេខ៣កូរ៉េខាងត្បូងទទួលបានមេដាយសរុប ៣៩ រួមមានមាស ៩ ប្រាក់១៣ និងសំរិទ្ធ១៧ ចំណែកម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅលេខរៀងទី៤ ដោយទទួលបានមេដាយមាស៦ ប្រាក់៣ សំរិទ្ធ៥ សរុប១៤។ អ៊ីរ៉ង និងឥណ្ឌាស្ថិតនៅលេខរៀងបន្តបន្ទាប់៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: