Asian Games៖ កីឡាករហែលទឹក Schooling ឈ្នះមេដាយមាសទី២ឲ្យសិង្ហបុរី
- ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១១:២៥ នាទី ព្រឹក

ម្ចាស់ជើងឯកមេដាយមាសអូឡាំពិករបស់សិង្ហបុរី Joseph Schooling បានឈ្នះមេដាយមាសលើកទី២របស់ខ្លួននៅឯព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី ក្រោយឈ្នះការប្រកួតហែលទឹកវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាហែលមេអំបៅចម្ងាយ ៥០ ម៉ែត្រនៅថ្ងៃទី២៣ ខែសីហា។

អត្ថបទទាក់ទង
Schooling បានសម្រេចទីដោយប្រើថេរវេលា ២៣.៦១វិនាទី នៅមុនគូប្រជែងរបស់គេតែបន្តិចប៉ុណ្ណោះសម្រាប់ការប្រកួតនៅអាងហែលទឹកនៃកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា។ កីឡាករចិន Wang Peng ទទួលបានមេដាយប្រាក់ដោយប្រើថេរវេលា ២៣.៦៥ និងកីឡាកររបស់កាហ្សាក់ស្ថាន Adilbek Mussin រកបានមេដាយសំរឹទ្ធក្នុងថេរវេលា ២៣.៧១ វិនាទី។
នេះជាការទទួលមេដាយមាសលើកទី២ហើយសម្រាប់កំពូលកីឡាករហែលទឹកសញ្ជាតិសិង្ហបុរី វ័យ២៣ឆ្នាំពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ មុនឈ្នះមេដាយមាសលើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ និងមេដាយសំរឹទ្ធ២លើវិញ្ញាសាហែលបណ្តាក់សេរី ១០០ម៉ែត្រ និង២០០ម៉ែត្រ។

Joseph Schooling ជាអត្តពលិករបស់សិង្ហបុរីទី១បង្អស់ដែលអាចឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាលំដាប់ទី១ពិភពលោកអូឡាំពិកឆ្នាំ២០១៦ ក្នុងក្រុងរីយ៉ូប្រទេសប្រេស៊ីល លើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ។
គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ សិង្ហបុរីទទួលបានមេដាយសរុប៩ ក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៦។ អ្វីដែលជាការកត់សម្គាល់សម្រាប់ប្រទេសតូចជាងគេនៅតំបន់អាស៊ានមួយនេះ គឺពួកគេរកបានមេដាយច្រើនលើវិញ្ញាសាហែលទឹកចំនួន៦មេដាយ ក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៣ ក្នុងចំណោមមេដាយសរុបទាំង៩៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: