ក្រុមរួបរួមកូរ៉េ ឈ្នះមេដាយមាសរួមគ្នាលើកដំបូងពីកីឡាអាស៊ី
- ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១២:០១ នាទី រសៀល

ក្រុមរួបរួមកូរ៉េ ឈ្នះមេដាយមាសរួមគ្នាលើកដំបូងពីកីឡាអាស៊ី។ រូបថត AFP
ក្រុមកីឡាការិនីកូរ៉េតែមួយ ដែលរួមបញ្ចូលគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ជាលើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី។

ក្រុមកូរ៉េបានយកឈ្នះមេដាយមាសលើវិញ្ញាប្រណាំងទូកកានូនារីជាក្រុម (Canoe TBR) ចម្ងាយ៥០០ម៉ែត្រដោយប្រើរយៈពេល២៤.៧៨៨នាទី ដោយនាំមុខគូប្រជែងចិន និងថៃ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៦ ខែសីហា។
នេះជាការទទួលបានមេដាយមាសលើកដំបូងពីព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ទី២ពិភព លោកសម្រាប់ក្រុមកូរ៉េទាំងពីរដែលអាក់ខានរយៈពេលជិត៣ទសវត្សរ៍មកហើយ ក្រោយពួកគេឈ្នះពានរង្វាន់រួមគ្នាចុងក្រោយដោយក្រុមស្ត្រីដូចគ្នានេះដែលបានគ្រងជើងឯកវាយកូនឃ្លីលើតុពិភពលោកឆ្នាំ១៩៩១។
ក្រៅពីមេដាយមាស កូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏បានប្រជែងឈ្នះមេដាយសំរឹទ្ធ១លើវិញ្ញាប្រណាំងទូកកានូនារីជាក្រុម (Canoe TBR) ចម្ងាយ២០០ម៉ែត្រផងដែរ។
កូរ៉េទាំងពីរ បានដើរក្បួនរួមគ្នាក្រោមទង់ជាតិកូរ៉េតែមួយ នាពិធីបើកផ្លូវការណ៍កីឡាអាស៊ីលើកទី១៨ ដោយមានកីឡាការិនីបាល់បោះកូរ៉េខាងត្បូង Lim Yung-hui រួមជាមួយកីឡាការិនីបាល់ទាត់កូរ៉េខាងជើង Ju Kyong Chol។
ដោយឡែកសម្រាប់ការប្រជែមេដាយឲ្យប្រទេសរៀងៗខ្លួន កូរ៉េខាងត្បូងទទួលបានមេដាយសរុប៩៦ ក្នុងនោះមេដាយមាស២៨ ប្រាក់៣១ និងសំរឹទ្ធ៣៧ ឈរនៅលេខរៀងទី៣ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន រីឯកូរ៉េខាងជើងទទួលបានមេដាយសរុប២៣ ក្នុងនោះមាស១១ ប្រាក់៥ សំរឹទ្ធ៧ ឈរនៅចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសចូលរួមសរុប៤៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: