រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ដែលចង់ទិញក្លិប Man United ជាមិត្តភក្តិរបស់លោកត្រាំ
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ ម៉ោង ៧:១៩ នាទី ល្ងាច

Mohammad bin Salman រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលបង្ហាញបំណងចង់ទិញក្លិប Manchester United ពីគ្រួសារត្រកូល Glazer គឺជាមិត្តភក្តិជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងជាម្ចាស់ផ្ទះដែលមានតម្លៃថ្លៃបំផុតលើលោក។

បើតាម SunSport ព្រះអង្គម្ចាស់ bin Salman ជាកូនប្រុសស្តេច Salman bin Abdulaziz Al Saud ហើយគ្រួសាររបស់គេមានទ្រព្យសម្បតិ៍សរុប ៨៥០ពាន់លានផោន (១១១៨ពាន់លានដុល្លារអាមេរិក)។

នេះមានន័យថា ព្រះអង្គម្ចាស់ Bin Salman ដែលបច្ចុប្បន្នមានព្រះជន្ម ៣៣ វស្សាមិនខ្វះលុយដើម្បីចំណាយទិញយកក្លិបដែមានឈ្មោះល្បីដូចជា Man Utd នេះ ដើម្បីបំពេញបំណងចង់បានរបស់ខ្លួនឡើយ។
បុរសដែលមានចរិត Playboy រូបនេះត្រូវបានគេរាយការណ៍ថាធ្លាប់ចាយលុយខ្ជះខ្ជាយរាប់រយលានដុល្លារលើទូកជិះកម្សាន្តស្អាតៗ ផ្ទះបារាំងដែលមានតម្លៃថ្លៃកប់ពពក និងជីវិតរស់នៅបែបឆើតឆាយរបស់គេ។

ព្រះអង្គម្ចាស់ Mohammad bin Salman ក៏ជាមិត្តភក្តិជិតស្និទនឹងបុគ្គលកំពូលៗដូចជាលោកត្រាំដែរ ហើយអ្នកទាំងពីរធ្លាប់ជួបគ្នានៅសេតវិមាននិងតែងតែហៅគ្នាថាពួកម៉ាកទៀតផង។
អ្វីដែលជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ សេដ្ឋីអារ៉ាប់រូបនេះត្រូវបានរាយការណ៍ថាបានទិញផ្ទះថ្លៃបំផុតលើលោកក្នុងក្រុងប៉ារីសប្រទេសបារាំង កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ២៣០លានផោន (៣០២លានុដុល្លារអាមេរិក) ឯណោះ។


ដោយឡែក សម្រាប់ការចង់បានក្លិបរហស្សនាមបិសាចក្រហមវិញ ម្ចាស់ក្លិបដែលជាសេដ្ឋីអាមេរិករបស់គ្រួសារ Glazer បានឆ្លើយតបវិញថាក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះមិនមែនសម្រាប់លក់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: