លោក Wenger ត្រៀមរួចជាស្រេចក្នុងការត្រឡប់ចូលពិភពបាល់ទាត់វិញនៅឆ្នាំក្រោយ
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ ម៉ោង ៣:៥៨ នាទី រសៀល

លោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal រំពឹងថានឹងត្រលប់មកធ្វើការវិញនៅឆ្នាំថ្មីខាងមុខនេះ និងទទួលបានការផ្តល់ជូនពីសំណាក់ក្រុម និងក្លិបគ្រប់កន្លែងជុំវិញពិភពលោក។

Wenger ដែលបានចាកចេញពីក្លិបរហស្សនាមកាំភ្លើងធំ កាលពីខែឧសភា កន្លងទៅបន្ទាប់ពីដឹកនាំអស់រយៈពេល ២២ ឆ្នាំបានបញ្ជាក់ថាលោកមិនដឹងថាការងារបន្ទាប់របស់លោកនឹងមានអ្វីទេប៉ុន្តែលោកមានអារម្មណ៍ស្រស់ស្រាយក្រោយបានសម្រាកមួយរយៈ ហើយនឹងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាថ្មីម្តងទៀត។
អ្នកចាត់ការសញ្ជាតិបារាំង វ័យ៦៨ឆ្នាំរូបនេះ បានប្រាប់កាសែតអាល្លឺម៉ង់ Bild ក្នុងបទសម្ភាសមួយដែលបានចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែតុលា ថាលោកជឿជាក់ថានឹងអាចចាប់ផ្តើមការងារជាថ្មីម្តងទៀតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។
«មានសហព័ន្ធកីឡាបាល់ទាត់, ក្រុមជម្រើសជាតិ ហើយនិងនៅក្នុងប្រទេសជប៉ុនផងដែរបានទាក់ទងខ្ញុំ»។ Wenger ដែលធ្លាប់ជាអ្នកចាត់ការទូទៅក្រុម Nagoya Grampus Eight ក្នុងប្រទេសជប៉ុន មុនពេលទៅដឹកនាំ Arsenal បន្ថែមដូច្នេះ។
អតីតគ្រូ Monaco រូបនេះបានរៀបរាប់ទៀតថា ក្នុងរយៈពេល ២២ ឆ្នាំរបស់លោកនៅ Arsenal លោកមានបទពិសោធន៍ក្រាសក្រែលក្នុងម្រិតខុសៗគ្នា។ ដោយសារតែសមិទ្ធផលនេះហើយ ទើបធ្វើឲ្យមានការចាប់អារម្មណ៍លោកច្រើននៅជុំវិញពិភពលោក។
Wenger ធ្លាប់នាំកាំភ្លើងធំឈ្នះពាន Premier League ចំនួន៣លើក ប៉ុន្តែក្រោមការដឹកនាំរបស់លោកនៅរដូវកាលចុងក្រោយបានធ្វើឲ្យក្លិបស្ថិតនៅភាគខាងជើងក្រុងឡុងដ៍ធ្លាក់ទម្រង់លេង និងមានភាពច្របូកច្របល់ ហើយសម្រេចលាលែងពីតំណែងនេះតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: