ទីប្រឹក្សាលោក ត្រាំ ម្នាក់អស់តំណែង ក្រោយទាស់គ្នាជាមួយស្ត្រីទីមួយអាមេរិក
- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៨:៣៩ នាទី យប់

ស្រ្តីទីមួយអាមេរិក MelaniaTrump និងលោកស្រី MiraRicardel
លោកស្រី Mira Ricardel ទីប្រឹក្សារងសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានបង្ខំឲ្យចាកចេញពីតំណែងនៅថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីមិនត្រូវគ្នាជាមួយស្ត្រីទីមួយលោកស្រី Melania Trump ។ ការចាកចេញរបស់លោកស្រី Ricardel ក៏អាចស្ថិតក្នុងដំណាក់កាលរុះរើសមាសភាពរដ្ឋាភិបាលក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

ទំនាស់ជាមួយស្ត្រីទីមួយ Melania Trump បានធ្វើឲ្យលោកស្រី Mira Racardel អស់តំណែងទីប្រឹក្សារងសន្តិសុខជាតិ។ លោកស្រី Mira នឹងទៅកាន់តំណែងថ្មីក្នុងសមាសភាពរដ្ឋាភិបាលថ្មី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្ដើមរុះរើបណ្ដើៗហើយនោះ។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យសេតវិមាន Sarah Sanders នៅថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ទេថា លោកស្រី Mira នឹងមានតួនាទីអ្វីឡើយ។
លោកស្រី Mira ដែលជាអតីតមន្ត្រីនៅក្រសួងពាណិជ្ជកម្ម ត្រូវបានលោក ចន ប៊ូលតុន ជ្រើសរើសឲ្យកាន់តំណែងជាអនុរបស់លោកនៅឯក្រុមប្រឹក្សាសន្តិសុខជាតិ។ យ៉ាងណាមិញ អនាគតរបស់លោកស្រី បែរជាក្រឡាប់ផ្កាប់ផ្ងារទៅវិញ ព្រោះទាស់ទែងជាមួយលោកស្រី Trump អំឡុងពេលទស្សនកិច្ចនៅទ្វីបអាហ្វ្រិក និងការប្រើលុយរដ្ឋលើការចំណាយផ្ទាល់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Trump និយាយដោយត្រង់ថា លោកស្រី Mira មិនសមបម្រើការងារឲ្យប្ដីលោកស្រីឡើយ។
លោក ប៊ូលតុន ជាមេកើយរបស់លោកស្រី Mira ក៏ត្រូវបានរាយការណ៍ថា បានធ្វើអន្តរាគមន៍ពីក្រោយឆាកលើករណីនេះដែរ ប៉ុន្តែនៅតែមិនអាចទប់ស្កាត់ការចាកចេញរបស់លោកស្រី Mira បាន។ លោកទំនងជាមិនបន្ទន់ចិត្តលោក ត្រាំ បានទេមើលទៅ។
តាមពិតទៅ ការអស់តំណែងរបស់លោកស្រី Mira អាចជាផ្នែកមួយនៃការផ្លាស់ប្ដូរសមាសភាពរបស់លោក ត្រាំ ក្រោយបក្សសាធារណរដ្ឋបាត់បង់សំឡេងគាំទ្រក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្ងៃទី៦ ខែវិច្ឆិកា។ ក្រោយចេញលទ្ធផលភ្លាមៗ លោក ត្រាំ បញ្ចប់តំណែងរដ្ឋមន្ត្រីយុត្តិធម៌ Jeff Sessions ភ្លាមដែរ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក ត្រាំ ត្រូវបានដកស្រង់សម្ដីដោយវេសាយ The Daily Caller ថា ការរុះរើទ្រង់ទ្រាយធំនឹងជិតមានហើយ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយថា មន្ត្រីជាន់ខ្ពស់ពីរនាក់ទៀតនៃរដ្ឋបាលលោក ត្រាំ នឹងត្រូវអស់តំណែង គឺរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Kirstjen Nielsen និងប្រធានបុគ្គលិកសេតវិមាន John Kelly ។ លោក Kelly ត្រូវបានតែងតាំងឲ្យកាន់តំណែងនេះដើម្បីដោះស្រាយបញ្ហាក្នុងសេតវិមាន ខណៈក៏មានសេចក្ដីរាយការណ៍ដែរថា លោកក៏មិនត្រូវគ្នាជាមួយលោកស្រី Trump ដែរ។ លោក Nick Ayers ជាប្រធានបុគ្គលិករបស់អនុប្រធានាធិបតីអាមេរិក អាចកាន់តំណែងជំនួសលោក Kelly ។
ចំណែកឯករណីលោកស្រី Nielsen វិញ ប្រធានាធិបតីអាមេរិកអះអាងថា លោកនឹងសម្រេចិត្តនៅពេលឆាប់ៗនេះ។ ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Nielsen ដែលជាមនុស្សស្និទ្ធលោក Kelly ទទួលបន្ទុកការងាររសើបក្នុងការបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់។ លោក ប៊ូលតុន ជាអ្នករិះគន់លោកស្រី Nielsen ដ៏ខ្លាំងក្លាម្នាក់រហូតទាស់សម្ដីជាមួយលោក Kelly ជុំវិញការបំពេញការងារនៅក្រសួងសន្តិសុខមាតុភូមិផង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: