ពូទីន និងមេដឹកនាំអាស៊ានឯកភាពលើកិច្ចព្រមព្រៀងថ្មីពង្រឹងចំណងសេដ្ឋកិច្ច និងមិត្តភាពទ្វេភាគី
- ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៩:១៩ នាទី យប់

សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasia Economic Union) និងអាស៊ានប្តេជ្ញាពង្រឹងចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងសមាជិកតាមរយៈការចុះកិច្ចព្រមព្រៀងថ្មីមួយនៅថ្ងៃពុធទី ១៤ ខែវិច្ឆិកានាកិច្ចប្រជុំអាស៊ានលើកទី ៣៣ នៅសិង្ហបុរី ។ កិច្ចព្រមព្រៀងនេះផ្តោតសំខាន់លើបញ្ហាពន្ធគយ, ពាណិជ្ជកម្មអេឡិចត្រូនិក សេវាកម្ម និងវិនិយោគជាដើម។

តំណាងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ានបានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាថ្មីមួយក្រោមអធិបតីមេដឹកនាំរុស្ស៊ី និងអាស៊ាន ហើយលិខិតបទដ្ឋានថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលដឹកនាំដោយរុស្ស៊ី និងសមាជិកអាស៊ាននៅពេលខាងមុខ។
យោងសារព័ត៌មានសិង្ហបុរី Straits Times កិច្ចព្រមព្រៀងថ្មីរវាងអង្គការតំបន់ទាំងពីរនេះ ផ្តោតសំខាន់ការសម្រួលនីតិវិធីអនុវត្តពន្ធគយ និងពាណិជ្ជកម្ម រួមមានវិធានការភូតគាមអនាម័យ, បទបញ្ញត្តិគ្រប់គ្រងបច្ចេកទេស, សេដ្ឋកិច្ចអេឡិចត្រូនិក, សេវាកម្ម និងវិនិយោគ និងការអភិវឌ្ឍធុរកិច្ចផងដែរ។
ការសម្រេចចុះកិច្ចព្រមព្រៀងថ្មីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្មរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីកើនឡើងដល់ ៣៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើងដល់ទៅ ៤០ភាគរយឯណោះ បើធៀបនឹងឆ្នាំ ២០១៦។
រុស្ស៊ីស្ថិតក្នុងចំណោមសមាជិកទាំងប្រាំនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ហើយសមាជិកបួនផ្សេងទៀតនោះមានដូចជាអាមេនី, បេឡារ៉ុស, កាហ្សាក់ស្ថាន និងគៀហ្ស៊ីស្ថាន។
ប្រធានអាស៊ានសិង្ហបុរីដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាដែលនោះបានកត់សម្គាល់ពីការលូតលាស់នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរជាពិសេសសមាជិកដូចជារុស្ស៊ី និងប្រទេសអាស៊ាន។
ជាប្រធានអាស៊ានជិតផុតអាណត្តិ លោក លី ក៏គាំទ្រចំពោះការដំឡើងកម្រិតទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាស៊ានទៅជាដៃគូយុទ្ធសាស្ត្រ និងជំរុញឲ្យអាស៊ាន និងរុស្ស៊ីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងសង្គមផងថែមទៀតដើម្បីប្រយោជន៍រួម។
ដោយឡែកលោក ពូទីន ដែលមានវត្តមានក្នុងកិច្ចប្រជុំថ្នាក់តំបន់ប្រចាំឆ្នាំជាលើកដំបូងរាប់ចាប់ពីឆ្នាំ ២០១១ ពេលដែលរុស្ស៊ីក្លាយជាសមាជិកកិច្ចប្រជុំអាស៊ីបូព៌ាជាផ្លូវការនោះបានលើកឡើងពីសារសំខាន់នៃចំណងមិត្តភាពរវាងអាស៊ាន និងរុស្ស៊ីផងដែរ ក្នុងពេលផ្តល់សុន្ទរកថាបើនៃកិច្ចប្រជុំអាស៊ាន-រុស្ស៊ី។
លោកបានថ្លែងដូច្នេះ៖«យើងជឿជាក់ថាវាមានសារសំខាន់ណាស់ក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់រវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រោះពាណិជ្ជកម្មទ្វេភាគីជាពិសេរវាងរុស្ស៊ី និងអាស៊ានកើនឡើងរៀងរាល់ឆ្នាំ»។
ក្រៅពីជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងអង្គការតំបន់ទាំងពីរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានថ្លែងអំណរគុណដល់បណ្តារដ្ឋអាស៊ានដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រុស្ស៊ីក្នុងការពង្រឹងប្រសិទ្ធភាពការពារសន្តិសុខអ៊ីនធឺណិត។
លោក ពូទីន ក៏បានប្រកាសផងដែរពីគម្រោងរបស់រុស្ស៊ីក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមទីក្រុងឆ្លាតរបស់អាស៊ានដើម្បីចែករម្លែកបទពិសោធន៍ក្នុងការអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរួមគ្នា ដ្បិតថាទីក្រុងធំរបស់រុស្ស៊ីជាពិសេសមូស្គូជាទីក្រុងនាំមុខគេរឿងប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកស្ទួយនគរូបនីកម្ម និងជីវភាពប្រជាជនកន្លងមក។
សូមបញ្ជាក់ថា រុស្ស៊ីបានក្លាយជាដៃគូសន្ទនាផ្លូវការរបស់អាស៊ានក្នុងឆ្នាំ ១៩៩៦ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទីពី ២៩ នៅក្រុងហ្សាការតា។ បន្ទាប់មកនៅក្នុងឆ្នាំ ២០០៤ រុស្ស៊ីបានក្លាយជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ហើយដល់ឆ្នាំ ២០១១ រុស្ស៊ីក្លាយជាសមាជិកនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបជាផ្លូវការ។ អ្វីដែលពិសេសនោះគឺ ឆ្នាំ ២០១៦ ខែឧសភា រុស្ស៊ីបានអញ្ជើញមេដឹកនាំអាស៊ានទាំងដប់ទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-រុស្ស៊ីនៅទីក្រុង Sochi ដើម្បីរម្លឹកខួប ២០ឆ្នាំនៃទំនាក់ទំនងផ្លូវការផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: