វៀតណាមសុំឲ្យអាមេរិកគាំទ្រខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN
- ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៨:១៩ នាទី យប់

មេដឹកនាំវៀតណាម និងអាមេរិកបានប្តេជ្ញាពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធក្រោមក្របខណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅសប្តាហ៍នេះ។ វៀតណាមក៏បានសុំឲ្យអាមេរិកជួយគាំទ្រខ្លួនក្នុងដណ្តើមយកអាសនៈនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ។

ជំនួបទ្វេភាគីនេះធ្វើឡើងរវាងអនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វ៊ុក នៅថ្ងៃ ១៤ ខែវិច្ឆិកានៅក្រៅពីកិច្ចប្រជុំអាស៊ានលើកទី ៣៣ និងកិច្ចនៅសិង្ហបុរី។
យោងតាមការិយាល័យអនុប្រធានាធិបតីអាមេរិក ក្នុងជំនួបនោះលោក ម៉ៃ ផេន ដែលមកអាស៊ីដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់តំណាងឲ្យលោក ដូណាល់ ត្រាំ នោះបានកត់សម្គាល់ពីការលូតលាស់យ៉ាងឆាប់រហ័សនៃចំណងការទូតទ្វេភាគីរវាងអាមេរិក និងវៀតណាម។
មេដឹកនាំអាមេរិករូបនេះក៏បានថ្លែងអំណរគុណប្រមុខរដ្ឋាភិបាលវៀតណាមផងដែរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការតាមរកទាហានអាមេរិកដែលបាត់ខ្លួន និងបន្តគាំទ្រគោលនយោបាយអាមេរិកដែលដាក់សម្ពាធលើកូរ៉េខាងជើងដែលឈានដល់ការរំសាយនុយក្លេអ៊ែរផងនោះ។
លោក ផេន និងលោក សួនហ្វ៊ុក ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខជាពិសេសដោះស្រាយរឿងរបាំងពាណិជ្ជកម្ម និងពង្រឹងសន្តិសុខដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។ មេដឹកនាំទាំងពីរក៏ប្តេជ្ញាសហការគ្នាដើម្បីលើកកម្ពស់គោលការណ៍រួមគ្នាដើម្បីធានាឲ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហផង។
ដោយឡែក ប្រមុខរដ្ឋាភិបាលវៀតណាមលោក សួនហ្វ៊ុនឯណោះវិញបានឆ្លៀតឱកាសអញ្ជើញលោក ម៉ៃ ផេន មកទស្សនកិច្ចនៅវៀតណាមតាមពេលវេលាគួរសមមួយ ហើយអនុប្រធានាធិបតីអាមេរិកនេះកបានទទួលយកលិខិតអញ្ជើញនេះដែរ។
ក្រៅពីនេះ លោក សួនហ្វ៊ុក ក៏បានស្នើសុំឲ្យតំណាងរដ្ឋបាលអាមេរិកជួយគាំទ្របេក្ខភាពវៀតណាមក្នុងការប្រជែងយកអាសនៈមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០ដល់ឆ្នាំ ២០២១។
វៀតណាមក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវបានគេជ្រើសរើសសម្រាប់អាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនេះកាលពីចុងខែឧសភាកន្លងទៅ ហើយការបោះឆ្នោតជាផ្លូវការនឹងត្រូវរៀបចំឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែមិថុនាឆ្នាំ ២០១៩ខាងមុខ។
គួររម្លឹកថា វៀតណាម និងអាមេរិកបានសម្រេចស្តារចំណងការទូតរួមគ្នានៅក្នុងឆ្នាំ ១៩៩៥ ហើយឆ្នាំ ២០២០ ភាគីនឹងរម្លឹកខួបលើកទី ២០ នៃចំណងមិត្តភាពទ្វេភាគីនេះដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអាស៊ីអាគ្នេយ៍មួយនេះបន្តព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិកដើម្បីបានជាខ្នងបង្អែកស្របពេលដែលចិនជាភាគីជម្លោះសមុទ្រចិនខាងត្បូងនោះបន្តកើនឡើងឥទ្ធិពលឥតឈប់ក្នុងតំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: