អនុប្រធានាធិបតី ម៉ៃ ផេន ប្តូរចិត្តមិនទៅសម្រាកនៅអូស្ត្រាលី ដោយស្នាក់នៅប៉ាពូអាស៊ី នូវែលហ្គីណេ
- ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៤:១៥ នាទី រសៀល

អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន បានសម្រេចនៅនាទីចុងក្រោយដោយមិនធ្វើដំណើរទៅសម្រាកនៅរដ្ឋ Queensland ទឹកដីអូស្ត្រាលីឡើយ បន្ទាប់ពីចប់ប្រជុំ APEC នៅប៉ាពូអាស៊ី នូវែលហ្គីណេ។ មន្ត្រីអាមេរិកបញ្ជាក់ថា ប្តូរការសម្រេចចិត្តនេះគឺទាក់ទងនឹងកាលវិភាគប្រជុំ និងការរក្សាសន្តិសុខដែរ។

ចុងក្រោយ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន នឹងចំណាយពេលវេលាស្នាក់នៅទីក្រុង Port Moresby ដែលជាទីតាំងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃសៅរ៍ទី ១៧ ខែវិច្ឆិកានេះ។
វាជាការសម្រេចចិត្តនៅនាទីចុងក្រោយ ដ្បិតដើមឡើយការិយាល័យអនុប្រធានាធិបតីប្រកាសថា លោក សុខចិត្តជិះហោះទៅក្រុង Cairns នៃរដ្ឋ Queensland អូស្ត្រាលីដើម្បីសម្រាកនៅទីនោះក្រោយចប់ប្រជុំ។ គេវាយតម្លៃថា កន្លែងស្នាក់នៅមិនសមរម្យ និងសន្តិសុខជាហេតុផលនៃការសម្រេចចិត្តបែបនេះ។
ពីប៉ាពូអាស៊ី នូវែលហ្គីណេ ទៅ Queensland ត្រូវចំណាយពេលប្រហែល បីម៉ោងប៉ុណ្ណោះ។ កន្លងមក ក្រៅអនុប្រធានាធិបតីអាមេរិក មេដឹកនាំផ្សេងទៀតក៏ជ្រើសរើសការធ្វើដំណើរទៅសម្រាកនៅអូស្ត្រាលីក្រោយប្រជុំចប់ដែរ។ ប៉ុន្តែប្រធានាធិបតីចិនលោក ស៊ី ជីនភិង ជាមេដឹកនាំម្នាក់ដែលតាំងពីដើមទីមកសម្រេចចិត្តស្នាក់នៅសណ្ឋាគារ Stanley ដែលទើបសារសង់ថ្មីក្នុងរដ្ឋធានី Port Moresby នេះ។
ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលបញ្ជាក់ពីការសម្រេចចិត្តនេះដូច្នេះ៖« ការស្នាក់នៅប៉ាពូអាស៊ី នូវែលហ្គីណេ វាល្អសម្រាប់កាលវិភាគនៃកិច្ចប្រជុំ ហើយមន្ត្រីពាក់ព័ន្ធអាចមានលទ្ធភាពដោះស្រាយបញ្ហាដឹកជញ្ជូន និងសន្តិសុខបានងាយស្រួល»។
បច្ចុប្បន្ននេះ សន្តិសុខទូទៅនៅក្រុង Port Moresby ត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុតដោយមានវត្តមានកងទ័ពអាមេរិក, អូស្ត្រាលី នូវែលសេឡង់ និងនាវាចម្បាំង និងយន្តហោះចម្បាំងល្បាតជុំវិញដែរ។
ពូអាស៊ី នូវែលហ្គីណេ មិនប្រឈមបញ្ហាភេរវកម្មប៉ុន្មានទេ ប៉ុន្តែវាប្រឈមនឹងអសន្តិសុខ អំពើហិង្សា និងឧក្រិដ្ឋកម្ម។ តាមរបាយការណ៍ទីក្រុងដែលរស់នៅបានរបស់ Economist Intelligence Unit ឆ្នាំ ២០១៨ នេះ រដ្ឋធានី Port Moresby ជាប់ឈ្មោះជាក្រុងគ្រោះថ្នាក់ជាងគេស្ថិតបាតតារាងពោល គឺស្ថិតនៅលេខរៀងទី១៣០ ក្នុងចំណោមប្រទេស ១៤០៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: