ទីក្រុង៥ដែលពលរដ្ឋពីប្រទេសអ្នកមាន អាចរស់នៅស្រួល និងចំណាយតិច ក្រោយចូលនិវត្តន៍
- ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ៨:៥៩ នាទី យប់

ម្ហូបអាហារ សេវាដឹកជញ្ជូន វប្បធម៌សម្បូរបែប សេវាកម្សាន្ត និងសេវាកម្មផ្សេងៗ ជាលក្ខខណ្ឌដែលស្ថិតក្រោមការពិចារណាយ៉ាងច្បាស់លាស់របស់បណ្តានិវត្តន៍នៅប្រទេសអ្នកមាន នៅមុនដែលពួកគេសម្រេចចិត្តដូរទីលំនៅទៅក្រៅប្រទេស។

គេហទំព័រ International Living បានបង្ហាញបញ្ជីទីក្រុងចំនួន៥នៅលើពិភពលោក ដែលនិវត្តជនជាលក្ខណៈគ្រួសារអាចចំណាយតិចជាង៣៧០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយរស់នៅប្រកបដោយភាពសុខដុមរមនា។ ក្នុងចំណោមនោះ ក៏មានរាជធានីភ្នំពេញរបស់កម្ពុជាផងដែរ។
ទីក្រុងទាំង៥នោះ រួមមាន៖
១. ក្រុងហាណូយ ប្រទេសវៀតណាម៖ ក្រុងនេះសម្បូរទៅដោយស្ថាបត្យកម្មអាណានិគមនបារាំង ហើយប្រមូលផ្តុំដោយវប្បធម៌ចម្រុះ មានអាស៊ីអាគ្នេយ៍ ចិន និងបារាំង។ ហាណូយមានឧទ្យាន និងបឹងដ៏ស្រស់ស្អាត ហើយមនុស្សទូទៅអាចសម្របបានជាមួយនឹងលក្ខខណ្ឌអាកាសធាតុនៅទីនោះ។

អ្នករាយការណ៍ឲ្យ International Living អះអាងថា ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងអ៊ីនធ័រណិត សមរម្យអាចទទួលយកបាន រីឯអ្នកហាណូយរួសរាយរាក់ទាក់ដាក់ជនបរទេសខ្លាំងណាស់។ គូស្វាមីភរិយានិវត្តជន អាចចំណាយប្រមាណ៩០៥ដុល្លារក្នុងខែ ឬ១០ ៨៦០ដុល្លារក្នុង១ឆ្នាំ ឬក៏អាចតិចជាងនេះ។
២. ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់៖ ទីក្រុងដែលមានប្រជាជនប្រមាណកន្លះលាននេះ ត្រូវបានចាត់ទុកជាតារារះសម្រាប់អ្នកចូលនិវត្តន៍ ព្រោះពួកគេអាចរីករាយជាមួយប្រវត្តិសាស្ត្រ ការកម្សាន្តអារម្មណ៍ ការស្នាក់នៅតំបន់មាត់សមុទ្រ។

នៅលីស្បោន គេអាចរស់នៅបែបអឺរ៉ុប ប៉ុន្តែការចាយវាយដូចនៅអាមេរិកឡាទីន។ អ្នកស្រី Molly Ashby និងស្វាមីដែលបានរស់នៅទីនោះ តាំងពីឆ្នាំ២០១៣ អះអាងថា ពួកគាត់ចំណាយតែក្នុងរង្វង់១២ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់អាហារមួយពេល។ គ្រួសារមួយអាចរស់នៅយ៉ាងងាយស្រួល ដោយចំណាយប្រមាណ៣ ០៦៥ដុល្លារអាមេរិកក្នុង១ខែ ឬ៣៦ ៧៨០ដុល្លារអាមេរិកក្នុង១ឆ្នាំ។
៣. ទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា៖ ពលរដ្ឋអាមេរិកចូលចិត្តទៅរស់នៅទីនោះណាស់ ពីព្រោះប្រទេសអាមេរិកកណ្តាលមួយនេះ ក៏ចាយលុយដុល្លារអាមេរិកផងដែរ។ អ្នកស្រី Deborah និងស្វាមីដែលរស់នៅទីនោះ តាំងពីខែសីហា ឆ្នាំ២០១៧ បានអះអាងថា ចំណាយត្រឹមតែ៣ ទៅ៤ដុល្លារប៉ុណ្ណោះលើការធ្វើដំណើរ ។

ក្រៅពីភាពទំនើប ប៉ាណាម៉ា ក៏មានតំបន់ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកផងដែរ។ ផ្ទះដែលមានគ្រែពីរនៅកណ្តាលក្រុង មានតម្លៃប្រមាណ១ ៧៦៥ដុល្លារអាមេរិកក្នុង១ខែ ឬ២១ ១៨០ដុល្លារអាមេរិកក្នុង១ឆ្នាំ។ ប្រសិនបើចង់ទំនើបទាំងនេះ គ្រួសារនិវត្តជនអាចចំណាយដល់ទៅ២ ៨៩០ដុល្លារអាមេរិកក្នុង១ខែ ឬ៣៤ ៦៨០ដុល្លារអាមេរិកក្នុង១ឆ្នាំផងដែរ។
៤. រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ មានឈ្មោះជាទីក្រុងគជ់ប្រចាំអាស៊ី (Pearl of Asia) ភ្នំពេញជាទីតាំងដ៏ពេញនិយមរបស់ជនបរទេស ដោយសារតម្លៃស្នាក់នៅទាប និងសំបូរទៅដោយទីផ្សារទំនិញ។ ជាមួយគ្នានេះ ជនបរទេស តែងតែទទួលបាននូវភាពរួសរាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

បុរសអាមេរិកឈ្មោះ Ryan Preston បានអះអាងថា នៅភ្នំពេញ លោកអាចរកបាននូវអ្វីគ្រប់បែបយ៉ាង។ លោកថា ទូរទឹកកករបស់លោកពេញទៅដោយផ្លែឈើសរីរាង្គ ស្រាបារាំង គោអូស្ត្រាលី ឬសូកូឡាបែលហ្ស៊ិក ហើយពេលខ្លះលោកចំណាយតិចជាង៧៥ដុល្លារក្នុង១អាទិត្យ។ ជីវិតគ្រួសារដ៏ស្រស់បំព្រងនៅភ្នំពេញ ចំណាយត្រឹមតែ១ ៨៣៧ដុល្លារក្នុង១ខែ ឬ២២ ០៤៤ដុល្លារក្នុង១ឆ្នាំតែប៉ុណ្ណោះ។
៥. ក្រុងគីតូ ប្រទេសអាក្វាឌ័រ៖ ជាទីក្រុងដែលមានកំពស់ខ្ពស់ជាងគេលើលោក។ ទោះបីជាប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនក៏ដោយ ប៉ុន្តែក្រុងមួយនេះ ពោរពេញទៅដោយធម្មជាតិស្រស់បំព្រង ទេសភាពល្អត្រកាលដែលភ្ជាប់ពីភ្នំ ទៅសមុទ្រ និងព្រៃ។

សារមន្ទីរសម្បូរបែប ស្ថាបត្យកម្ម សិល្បៈ និងអ្វីៗទាំងអស់ បានធ្វើឲ្យមនុស្សទូទៅចង់រស់នៅតំបន់អាមេរិកខាងជើងមួយនេះ។ ថវិកាប្រចាំខែពី១៦៥០ ទៅ១៨២៥ដុល្លារ ឬពី១៩ ៨០០ ទៅ២១ ៩០០ដុល្លារក្នុង១ឆ្នាំ ពិតជាគ្រប់គ្រាន់សម្រាប់គ្រួសារវ័យចំណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: