តៀមកាហ្វេថ្មីៗ៖ មើលព័ត៌មាន ដោយពិចារណាផង
- ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ១២:២៩ នាទី រសៀល

ថ្ងៃនេះអាសំណាងចាប់អារម្មណ៍និយាយពីអាជីពព័ត៌មាន ហើយក៏តាំងសំណួរទៅអាសុធីរ៖

ថ្ងៃនេះអាសំណាងចាប់អារម្មណ៍និយាយពីអាជីពព័ត៌មាន ហើយក៏តាំងសំណួរទៅអាសុធីរ៖
អាសំណាង៖ អាធីរ! អ្ហែងគិតដូចអញអត់? សារព័ត៌មានឥឡូវរកជឿអីមិនបានទេអ្ហា! រឿងតែមួយ កាសែតខ្លះនិយាយអីចេះ វិទ្យុខ្លះនិយាយចុះ។ អាទូរទស្សន៍ ផ្សាយផ្សេងទៅ។ ប្រជាជនវិញ ដឹងតែ share ហើយផ្អើលតគ្នា។ ហត់អារម្មណ៍ណាស់អ្ហា។
អាសុធីរ៖ អានេះសួររឿងធំប៉ុនមេឃ។ វាមានរឿងរបស់កាសែតផង រឿងបច្ចេកវិទ្យាផង និងរឿង ក្រុមមនុស្សអាក្រក់ផង។
ទី១៖ អ្នកកាសែត គេធ្វើការងាររបស់គេ។ ពេលខ្លះ សំណុំរឿងវាវិវត្ត។ អ៊ីចឹងអ្នកកាសែតគេ អាប់ដេត ហើយគេផ្សាយភ្លាមៗ ព្រោះទាំងកាសែត ទូរទស្សន៍ វិទ្យុ មានវេបសាយទាំងអស់។ អ្នកកាសែតមានប្រភពរៀងខ្លួន ពេលខ្លះក៏ផ្សាយតាមតែប្រភពរបស់ពួកគេ ដែលអាចផ្តល់ព័ត៌មានល្អៀងគ្នាខ្លះ។ បន្ទាប់មក អ្នកកាសែតអាចទាញរឿងទៅតាមការចាប់អារម្មណ៍របស់ពួកគេទៀត។
ទី២៖ ព័ត៌មានដែលគេដាក់ក្នុងវេបសាយហើយ គេយកមកផ្សាយតាមហ្វេសប៊ុក អ៊ិនស្តាក្រាម ទ្វីតធ័រ ឡាញ បន្តទៀត។ ដូច្នេះ ព័ត៌មានវារត់លឿនអ៊ីចឹង។
ទី៣៖ ក្រុមមនុស្សដែលចាំលួចព័ត៌មានក៏រហ័សដែរ។ ហើយក្រុមនេះលួចតគ្នាលឿនណាស់។ គឺចោរលួចចោរ។ អ្នកខ្លះលួចយកទាំងដុល។ អ្នកខ្លះទៀត លួចយកតែអត្ថបទ ហើយដាក់ចំណងជើងថ្មីដោយខ្លួនឯង និងអេឌីតរូបថតឲ្យទាក់ទាញ។ អ្នកលួចព័ត៌មានបានយល់ន័យដើមពិតប្រាកដ មិនបានទាំងអានព័ត៌មានដើមត្រឹមត្រូវផង។ ដូច្នេះ នៅពេលពួកគេច្នៃចំណងជើង គឺត្រូវខុសន័យដើម។
អាសំណាង៖ អឺ! ហើយចុះ ធ្វើម៉េចទៅ? វាមិនពុល ឡប់អ្នកអានអស់ហើយអ្ហា?
អាសុធីរ៖ ដូចអញប្រាប់អ្ហែងអ៊ីចឹង! ទីមួយ អ្ហែងត្រូវមានសារព័ត៌មានក្នុងចិត្តមួយ ឬពីរ ឬបីដែលអ្ហែងជឿជាក់។ គឺអង្គភាពព័ត៌មានដែលមានក្រុមការងារត្រឹមត្រូវ ផ្សាយរាល់ព័ត៌មានដែលប្រភពផ្លូវការពិតប្រាកដ ដែលក្រុមការងារបានទាក់ទងផ្ទាល់។ វេបសាយព័ត៌មានដែលមិនពិតប្រាកដ ពួកគេមិនដែលហ៊ានទូរសព្ទទៅមន្ត្រីជាន់ខ្ពស់ ឬអ្នកនាំពាក្យ ឬអាជ្ញាធរដែនដីទេ។ ទីពីរ ដែលសំខាន់បំផុត គឺអ្ហែងត្រូវទទួលយកព័ត៌មានដោយការពិចារណា។ ត្រូវផ្ទៀងផ្ទាត់ជាមួយអង្គភាពព័ត៌មានដែលឯងជឿទុកចិត្តនោះ។ តើព័ត៌មាននោះគេផ្សាយ ឬអត់? ហើយគេផ្សាយថាម៉េច? សម័យនេះ ព័ត៌មានសម្បូរហូរហៀរពេក។ ដូច្នេះអ្នកអាន មិនអាចចាំតែទទួលយក និងជឿភ្លាមៗនោះឡើយ។
អាសំណាង៖ អ៊ីចឹងជីវិត មិនកាន់តែហត់ហើយទេ?
អាសុធីរ៖ ហត់ជាងមុនមែន តែវាសុវត្ថិភាព។ បើមិនចង់ហត់ ជឿព័ត៌មានក្លែងក្លាយ វាអាចមានគ្រោះថ្នាក់ វាអាចខាតបង់ច្រើនជាងហត់៕
© រក្សាសិទ្ធិដោយ thmeythmey.com