មុនប៉ះ Porto គ្រូ Liverpool សរសើរកូនក្រុមថាកំពុងពេញកំលាំង ដើម្បីដណ្តើមពានធំពីរដូវកាលនេះ
- ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង ២:៣៤ នាទី រសៀល

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool និយាយថាកីឡាកររបស់លោកកំពុងពោពេញដោយកំលាំង និងរីករាយក្នុងការឈ្នះគ្រប់ការប្រកួតដែលនៅសល់ដើម្បីប្រជែងយកពាន Premier League និង UEFA Champions League រដូវកាលនេះ។

Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវ FC Porto ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League នៅរាត្រីថ្ងៃទី៩ ខែមេសានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។


មុនជំនួបនេះ អ្នកចាត់ការទូទៅហង្សក្រហមលោក Klopp បានអួតពីសមាសភាពកីឡាកររបស់លោកថាកំពុងពេញទៅដោយថាមពល និងដាក់គោលដៅដណ្តើមពានកំពូលអឺរ៉ុប ព្រមទាំងពានក្នុងស្រុកសម្រាប់រដូវកាលនេះឲ្យបាន។


«យើងមានអារម្មណ៍ល្អនៅពេលនេះ។ យើងមានអារម្មណ៍ថាកីឡាករម្នាក់ៗរបស់យើងអស្ចារ្យណាស់ គឺពោពេញទៅដោយកំលាំងតែម្តង។ យើងចង់បានកំណត់ត្រានៅលើទំព័រសៀវភៅរដូវកាលនេះ»។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ថែមដូច្នេះ។
កាលពីរដូវកាលមុន Liverpool ធ្លាប់ទម្លាក់ Porto នៅត្រឹមវគ្គ១៦ក្រុម ចុងក្រោយដោយលទ្ធផលទាំងពីរជើង ៥-០ មុនពេលចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រជែងពានក្នុងក្របខណ្ឌ Premier League វិញ ក្រុមហង្សក្រហមកំពុងឈរកំពូលតារាងមាន៨២ពិន្ទុ ក្នុងការប្រកួត៣៣លើក នាំមុខគូប្រជែង Manchester City ចំនួន២ពិន្ទុ ប៉ុន្តែ Man City ទើបប្រកួតបាន៣២លើកប៉ុណ្ណោះ។


ដោយឡែកជំនួបមួយគូទៀតក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនេះ ក្រុមរបស់លោក Pep Guardiola ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានថ្មីរបស់ Tottenham Hotspur សម្រាប់ជំនួបជើងទី១ នៅវេលាម៉ោងតំណាលគ្នានេះដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: