ម៉ិកស៊ិកពិន័យ Maradona ដោយសារឧទ្ទិសជ័យជម្នះទៅឲ្យលោកម៉ាឌុយរ៉ូ
- ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៩:៣៩ នាទី យប់

លោក Diego Maradona (ស្តាំ) រូមជាមួយលោកប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ អំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៨
សហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក (MFF) នៅថ្ងៃទី៨ ខែមេសា បានដាក់ពិន័យលោក Diego Maradona ចំពោះការឧទ្ទិសជ័យជម្នះរបស់កូនក្រុមខ្លួនជូនទៅប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌុយរ៉ូ។

វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានដឹកនាំក្រុម Dorados de Sinaloa នៃលីគកំពូលម៉ិកស៊ិកដោយទទួលបានជ័យជម្នះលើក្រុម Tampico Madero ក្នុងលទ្ធផល ៣-២។ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងខែមុន លោក Maradona បានជូនជ័យជម្នះនេះដល់លោក ម៉ាឌុយរ៉ូ និងប្រទេសវេណេស៊ុយអេឡាដែលកំពុងមានបញ្ហាញនយោបាយ និងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជុំវិញករណីនេះ MFF បានចេញសេចក្តីថ្លែងការណ៍មួយថាលោក Maradona ត្រូវពិន័យពីបទរំលោភលើក្រមសីលធម៌របស់សហព័ន្ធដែលកំណត់មិនឲ្យពាក់ព័ន្ធនយោបាយក្នុងវិស័យកីឡាបាល់ទាត់ ក៏ដូចជាកីឡាផ្សេងៗទៀត។
ក្នុងសន្និសីទសារព័ត៌មាននោះ បុរសវ័យ៥៨ឆ្នាំនេះនិយាយថាលោកបានប្រគល់ជ័យជម្នះដល់លោកម៉ាឌុយរ៉ូ និងពលរដ្ឋវេណេស៊ុយអេឡាដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ Maradona ថែមទាំងរិះគន់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដែលលូកដៃចូលក្នុងបញ្ហានយោបាយរបស់ប្រទេសក្នុងតំបន់អាមេរិកឡាទីនមួនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: