លេងឲ្យបីក្លិបនៅ UCL ខ្សែប្រយុទ្ធ Ronaldo ស៊ុតបាល់បញ្ចូលទី១២៥គ្រាប់
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៨:៥៩ នាទី យប់

ក្រុម Juventus បង្ហាញខ្លួនមិនសូវបានល្អឡើយក្នុងក្របខណ្ឌ UEFA Champions League ប៉ុន្តែវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គឺបានជួយសង្គ្រោះពួកគេច្រើនសម្រាប់ការប្រជែងពានកំពូលអឺរ៉ុបសម្រាប់រដូវកាលនេះ។

អតីតខ្សែប្រយុទ្ធ Manchester United និងក្រុម Real Madrid រូបនេះ នៅតែបន្តរកគ្រាប់បាល់ស៊ុតបញ្ចូលទីជាហូរហែ និងរកគ្រាប់ឲ្យ Juventus ស្មើជាមួយម្ចាស់ផ្ទះ Ajax ១-១ ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១០ ខែមេសា។ Ronaldo រកគ្រាប់បាល់សរុបបាន ១២៥ គ្រាប់ជាកំណត់ត្រា ក្នុងការបង្ហាញខ្លួនចំនួន១៦១លើកក្នុងក្របខណ្ឌអឺរ៉ុបនេះ។
បច្ចុប្បន្ន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំ មាន១៧គ្រាប់នាំមុខគូប្រជែង Lionel Messi ដែលរកគ្រាប់បាល់បាន១០៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣២លើក។ តើខ្សែប្រយុទ្ធ Barcelona រូបនេះអាចតាមស្មើ ឬឈានទៅបំបែកកំណត់ត្រារបស់ Ronaldo ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League ទេ ខណៈ Messi នៅមានអាយុតិចជាង Ronaldo ដល់ទៅ៣ឆ្នាំ?
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខណ្ឌកំពូលអឺរ៉ុបគិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះខណៈកីឡាករខ្លះក៏បានចូលនិវត្តន៍ហើយដែរ។
១- Cristiano Ronaldo (Manchester United, Real Madrid, Juventus) ស៊ុតបាន ១២៥គ្រាប់ ក្នុង១៦១ប្រកួត
២- Lionel Messi (Barcelona) ស៊ុតបាន ១០៨ គ្រាប់ ក្នុង១៣២ប្រកួត
៣- Raúl González (Real Madrid, Schalke 04) ចូលនិវត្តន៍ ស៊ុតបាន៧១គ្រាប់ ក្នុង១៤២ប្រកួត
៤- Karim Benzema (Real Madrid) ៦០គ្រាប់ ក្នុង១១២ប្រកួត
៥- Ruud van Nistelrooy (PSV Eindhoven, Manchester United, Real Madrid) ចូលនិវត្តន៍ ស៊ុតបាន៥៦គ្រាប់ ក្នុង៧៣ប្រកួត
៦- Robert Lewandowski (Borussia Dortmund, Bayern Munich) ស៊ុតបាន៥៣គ្រាប់ ក្នុង៨០ប្រកួត
៧- Thierry Henry (Monaco, Arsenal, Barcelona) ចូលនិវត្តន៍ ស៊ុតបាន៥០គ្រាប់ ក្នុង១១២ប្រកួត
៨- Alfredo Di Stéfano (Real Madrid) ចូលនិវត្តន៍ ស៊ុតបាន៤៩គ្រាប់ ក្នុង៥៨ប្រកួត
៩- Andriy Shevchenko (Dynamo Kyiv, AC Milan, Chelsea) ចូលនិវត្តន៍ ស៊ុតបាន៤៨គ្រាប់ ក្នុង១០០ប្រកួត
១០- Zlatan Ibrahimovic (Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain, Manchester United) ស៊ុតបាន៤៨គ្រាប់ ក្នុង១2០ប្រកួត
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: