ចូលឆ្នាំថ្ងៃទី១ ទី២ ទី៣ ត្រូវធ្វើអ្វីខ្លះ?
- ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៣០ នាទី យប់

តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ មុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ និង ជីដូនជីតា។

តាំងពីបុរាណកាលមក ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី គេឲ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋ តែងតែរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។
ចូលមកដល់ថ្ងៃទី២ ហៅថា ថ្ងៃវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ដែរ។
ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថាថ្ងៃឡើងស័ក។ តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពិធី ស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: