ពន្យល់ន័យគោរមងារ «កិត្តិនីតិកោសលបណ្ឌិត» «កិត្តិសេដ្ឋាបណ្ឌិត» និង «កិត្តិសង្គហបណ្ឌិត»
- ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៣:២២ នាទី រសៀល

ពីឆ្វេងទៅស្តាំ៖ លោក ឌិត មន្ទី, លោក ប៉ែន បញ្ញា, លោក ឆាយ ថន និងលោកស្រី ឃួន សុដារី
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ៤ផ្សេងពីគ្នា ប្រោសព្រះរាជទានគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដល់ឥស្សរជន៤រូប ដោយរួមមាន លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក ប៉ែន បញ្ញា តំណាងរាស្ត្រ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និង អ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា។ បើប្រែសម្រាយមកជាភាសាខ្មែរ គោរមងាររបស់ឥស្សរជនទាំង៤រូប ដែលមានប្រភពដើមពីភាសាបាលី មានអត្ថន័យអស្ចារ្យណាស់។

លោក ឌិត មន្ទី និង លោក ប៉ែន បញ្ញា ទទួល ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» ដូចគ្នា។
កិត្តិនីតិកោសលបណ្ឌិត មកពីពាក្យថា កិត្តិ + នីតិ + កោសល + បណ្ឌិត។
កិត្តិ ប្រែថា សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ឬក៏អាចសំដៅលើកិត្តិយស។ នីតិ ប្រែថា ច្បាប់។ កោសល ឬកុសល ប្រែថា ល្អ, ប្រពៃ, បុណ្យ តែក្នុងទីនេះ អាចសំដៅថា ប៉ិនប្រសប់, ឈ្លាសវាងវៃ។
កិត្តិនីតិកោសលបណ្ឌិត មានន័យថា បណ្ឌិត ដែលប្រកបទៅដោយកិត្តិយស និងមានភាពឈ្លាសវៃ ឬមានជំនាញខ្ពស់ផ្នែកច្បាប់។
លោក ឆាយ ថន ទទួលបានគោរមងារជា «កិត្តិសេដ្ឋាបណ្ឌិត»។
កិត្តិសេដ្ឋាបណ្ឌិត មកពីពាក្យថា កិត្តិ + សេដ្ឋា + បណ្ឌិត។
សេដ្ឋ ឬ សេដ្ឋា ប្រែថា ប្រសើរផុត, ប្រសើរលើសលុប, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់។
កិត្តិសេដ្ឋាបណ្ឌិត មានន័យថា បណ្ឌិតដ៏ប្រសើរឬដ៏ឧដុង្គឧត្តម និងប្រកបដោយកិត្តិយស។
អ្នកស្រី ឃួន សុដារី ទទួលបានគោរមងារជា «កិត្តិសង្គហបណ្ឌិត»។
កិត្តិសង្គហបណ្ឌិត មកពីពាក្យថា កិត្តិ + សង្គហ + បណ្ឌិត។
សង្គហ ប្រែថា ការសង្គ្រោះ។
កិត្តិសង្គហបណ្ឌិត មានន័យថា បណ្ឌិតប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។
ពាក្យ កិត្តិនីតិកោសលបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត មិនមែនជាពាក្យដើមនោះទេ តែជាពាក្យដែលកើតឡើងពីការផ្គុំឬការច្របាច់បញ្ចូលគ្នាពីពាក្យដើមនីមួយៗ ដូចជាពាក្យ កិត្តិនីតិកោសលបណ្ឌិត កើតឡើងពីពាក្យដើមជាច្រើន ដែលរួមមាន កិត្តិ + នីតិ + កោសល + បណ្ឌិត។
ពាក្យដើមនីមួយៗ ដូចជា កិត្តិ, នីតិ, កោសល, បណ្ឌិត ដែលបំបែកឬញែកចេញពីពាក្យ កិត្តិនីតិកោសលបណ្ឌិត សុទ្ធតែជាពាក្យបាលី និងមានពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ តែពាក្យទាំងមូល ដែលរួមមាន កិត្តិនីតិកោសលបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត ពុំមានក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។
គោរមងារនៃរាជបណ្ឌិត្យសភា មានពីរ គឺគោរមងារផ្នែកវិទ្យាសាស្ត្រ និងគោរមងារផ្នែកកិត្តិយស ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ។
អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ ជាគោរមងារផ្នែកវិទ្យាសាស្ត្រលំដាប់ផុតលេខឬលំដាប់ទី១ ហើយគោរមងារជាអគ្គបណ្ឌិតសភាចារ្យ គឺជាគោរមងារផ្នែកវិទ្យាស្ត្រលំដាប់ទី២។
គោរមងារជាអគ្គបណ្ឌិតសភាចារ្យ ត្រូវបានព្រះមហាក្សត្រ ប្រទានទៅឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីអំឡុងខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែ គោរមងារជាអគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ នៅមិនទាន់បានទៅលើឥស្សរជនណាឡើយ។
ចំណែក គោរមងារផ្នែកកិត្តិយស រួមមាន កិត្តិព្រឹទ្ធបណ្ឌិត កិត្តិបរិរក្សបណ្ឌិត នីតិកោលសបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត។
កិត្តិព្រឹទ្ធបណ្ឌិត ជាគោរមងារផ្នែកកិត្តិយសលំដាប់ទី១ កិត្តិបរិរក្សបណ្ឌិត ជាគោរមងារផ្នែកិត្តិយសលំដាប់ទី២ ហើយនីតិកោលសបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត សុទ្ធតែជាគោរមងារផ្នែកកិត្តិយសលំដាប់ទី៣។
ឥស្សរជន៣រូប គឺ សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រ កាលពីឆ្នាំ២០១៣។
កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបានគោរមងារជា «កិត្តិបរិរក្សបណ្ឌិត» លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត» លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបានគោរមងារជា «កិតិ្តសេដ្ឋាបណ្ឌិត» និង អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា ទទួលបានគោរមងារជា «កិត្តិសង្គហបណ្ឌិត»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: