UCL៖ Liverpool ត្រឡប់ទៅដី Porto ឯ Man City ទទួលភ្ញៀវ Spurs ដើម្បីទៅកាន់វគ្គ១/២
- ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៥:៣៩ នាទី ល្ងាច

ក្រុមជើងឯករង Liverpool នឹងធ្វើដំណើរទៅជួបម្ចាស់ផ្ទះ FC Porto ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី២ ខណៈ Manchester City ត្រូវទទួលភ្ញៀវ Tottenham Hotspur នៅរាត្រីថ្ងៃទី១៧ ខែមេសា វាលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។

Liverpool ត្រូវយួរ២គ្រាប់ទៅស៊ីសងគ្នាជាមួយ Porto នៅកីឡដ្ឋាន Estádio do Dragão សម្រាប់ជំនួបជើងទី២ ដើម្បីកាត់សេចក្តីយកមួយក្រុមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹង Barcelona ដែលទៅអង្គុយចាំមុនក្រោយទម្លាក់ Man Utd នៅវគ្គ៨ក្រុមចុងក្រោយ។
កាលពីជំនួបជើងទី១នៅទឹកដី Anfield ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Jurgen Klopp បានយកជ័យជម្នះក្រុមពីព័រទុយហ្គាល់ Porto ដោយលទ្ធផល ២-០។ ២គ្រាប់នេះបានធ្វើឲ្យហង្សក្រហមក្លាយជាក្រុមមានប្រៀប និងមានទំនុកចិត្តខ្ពស់ជាងក្រុមគូប្រជែងនេះ។
កាលពីរដូវកាលមុន Liverpool ធ្លាប់ទម្លាក់ Porto នៅក្របខណ្ឌអឺរ៉ុបនេះត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយលទ្ធផលទាំងពីរជើង ៥-០ និងជាក្រុមរងជើងឯកក្រោយចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។
ដោយឡែកជំនួបមួយគូទៀតក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនេះដែរ ក្រុមរបស់លោក Pep Guardiola ត្រូវបើទ្វារកីឡដ្ឋាន Etihad Stadium ដើម្បីទទួលភ្ញៀវ Spurs សម្រាប់ជំនួបជើងទី២ នៅវេលាម៉ោងតំណាលគ្នានេះដែរ។
កាលពីជើងទី១ ក្រុមមេឃខៀវ Man City បានចាញ់ក្រុមលោក Mauricio Pochettino នៅកីឡដ្ឋានថ្មី Tottenham Hotspur Stadium ដោយលទ្ធផល ១-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធអាស៊ី Son Heung-min។ តើ Man City ឬ Spurs ដែលអាចបន្តដំណើរទៅជួប Ajax នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?
Ajax បានទម្លាក់ក្រុមខ្លាំង Juventus ដោយលទ្ធផលទាំងពីរជើង ៣-២៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: