Man City មានប្រៀបជាង Livepool ក្នុងការប្រជែងពាន EPL ខណៈ Man Utd សង្ឃឹមតិច ដើម្បីយក Top4
- ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ម៉ោង ១១:១០ នាទី ព្រឹក

ជ័យជម្នះរបស់ Manchester City លើក្រុម Manchester United ក្នុងលទ្ធផល ២-០ បានធ្វើឲ្យក្រុមលោក Pep Guardiola ឡើងទៅឈរកំពូលតារាង Premier League ដោយមាន១ពិន្ទុពីលើគូប្រជែង Liverpool។ ចំណែកបរាជ័យ៧លើកក្នុងចំណោម៩ប្រកួតចុងក្រោយបានធ្វើឲ្យ Man Utd សល់ឱកាសតិចតួចដើម្បីដណ្តើម Top4 ជាមួយ Spurs, Chelsea និង Arsenal។

ក្រុមការពារតំណែងជើងឯក Man City បានត្រឡប់ទៅកាន់កំពូលតារាងវិញតាមរយៈការរកគ្រាប់បាល់របស់ Bernardo Silva និង Leroy Sane សម្រាប់ជំនួប Manchester Derby នៅរាត្រីថ្ងៃទី២៤ ខែមេសា។

ក្រុមលោក Guardiola ដែលរកបាន៨៩ពិន្ទុពីការប្រកួត៣៥លើកចុងក្រោយ និងក្រុមលោក Jurken Klopp មាន៨៨ពិន្ទុនោះ ជាបេក្ខភាពនាំមុខគេក្នុងការប្រជែងពាន Premier League រដូវកាលនេះ ដោយក្រុមទាំងពីរត្រូវកាត់សេចក្តីក្នុងការប្រកួត៣លើកដែលនៅសល់។
៣ប្រកួតកាត់សេចក្តីចុងក្រោយ ហង្សក្រហមត្រូវប៉ះ Huddersfield Town, Newcastle United និង Wolverhampton Wanderers រីឯ ក្រុមមេឃខៀវត្រូវតទល់ជាមួយ Burnley, Leicester City និង Brighton & Hove Albion។
ចំណែកក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានរងបរាជ័យបន្តបន្ទាប់ដោយក្នុងនោះចាញ់ Everton ៤-០ មុនចាញ់ Man City ២-០ ក្នុងទឹកដី Old Trafford នៅសល់ឱកាសតិចតួចប៉ុណ្ណោះ ដើម្បីដណ្តើមចំណាត់ថ្នាក់ Top4 សម្រាប់កៅអី Champions League រដូវកាលក្រោយ។

Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៦បណ្តោះអាសន្នមាន៦៤ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៣ពិន្ទុ។ Arsenal ដែលខកខានយក៣ពិន្ទុក្នុងការប្រកួតសប្តាហ៍ទី៣៥របស់ខ្លួន ក្រោយចាញ់ Wolves ៣-១ ឈរលេខ៥ មាន៦៦ពិន្ទុ ខណៈ Spurs នៅលេខ៣ មាន៧០ពិន្ទុ។ Man Utd, Arsenal, Chelsea និង Spurs សុទ្ធតែត្រូវប្រជែងគ្នាដណ្តើមយកតំណែងលេខ៣ និងលេខ៤ តាមរយៈការប្រកួតចំនួន៣លើកចុងក្រោយ ដែលនៅសល់រដូវកាលនេះ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: