តុលាការ ឲ្យលោក សម រង្ស៊ី ជាប់ទោស៨ឆ្នាំបន្ថែមទៀត ពីបទញុះញង់ទ័ព និងប្រមាថព្រះមហាក្សត្រ
- ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ៤:១១ នាទី រសៀល

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី២ខែឧសភានេះ ដោយសម្រេចឲ្យលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនគារ៨ឆ្នាំ និងត្រូវបង់២០លានរៀល ពីបទញុះញង់កងទ័ពនិងបទប្រមាថព្រះមហាក្សត្រ។

សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងទាំងពីរនេះ ទៅជំនុំជម្រះក្នុងពេលជាមួយគ្នា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែ ក្រោយបញ្ចប់សវនាការ ចៅក្រម ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយលើកមកប្រកាសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះវិញ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានរងបទចោទញុះញង់យោធា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ និងរងបទចោទប្រមាថព្រះមហាក្សត្រ កាលអំឡុងខែកក្កដា ឆ្នាំ២០១៨។
បើសរុបទៅ លោក សម រង្ស៊ី បានរងបណ្តឹងមិនជាង១០ហើយ ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com