Brexit? សម្រាប់បាល់ទាត់ គឺ ទេ! Premier League ៤ក្រុមបង្ហាញភាពខ្លាំងនៅអឺរ៉ុប
- ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ៨:១៩ នាទី យប់

ការព្យាយាមចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ឬ Brexit មិនប៉ះពាល់ដល់បាល់ទាត់នោះឡើយ។ នៅរដូវកាលនេះ ក្រុម Premier League អង់គ្លេស បានចារក្នុងសៀវភៅប្រវត្តិសាស្ត្រដំបូងបង្អស់ តាមរយៈការឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងអស់។ Arsenal ត្រូវជួប Chelsea នៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទីពីរ Europa League រីឯ Liverpool ត្រូវប្រជែងជាមួយ Tottenham Hotspur ដើម្បីដណ្តើមពាន Champions League។

អត្ថបទទាក់ទង
ប្រវត្តិសាស្ត្រធ្លាប់មានពីរលើកន្លងមក ដោយ Tottenham Hotspur ប៉ះ Wolverhampton នៅវគ្គផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ១៩៧២ និង Manchester United តទល់ជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០០៨ ប៉ុន្តែនេះជាលើកដំបូងបំផុតដែលក្រុម Premier League ណាត់គ្នាទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្របខណ្ឌអឺរ៉ុបទាំងពីរកម្រិតក្នុងរដូវកាលតែមួយ។
Arsenal និង Chelsea បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រដោយទម្លាក់គូប្រជែងរៀងៗខ្លួននៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។ កាំភ្លើងធំបានទទួលជ័យជម្នះលើ Valencia ដោយលទ្ធផលទាំងពីរជើង ៧-៣ ក្រោយឈ្នះនៅជើងទីពីរ ៤-២ បន្ថែមទៀត។
តោខៀវ Chelsea ទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដោយសារឈ្នះ Eintracht Frankfurt តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់ក្តីឈ្នះ-ចាញ់ ដោយលទ្ធផល ៤-៣ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នាទាំងពីរជើងដោយលទ្ធផល ២-២ (ជើងទីមួយ ១-១)។
មុនពេល Arsenal និង Chelsea ឡើងទៅដណ្តើមពាន Europa League នេះ Liverpool និង Spurs ដែលវាយបកឈ្នះនៅវគ្គ១/២ បានត្រៀមខ្លួនរួចហើយដើម្បីតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្រ Champions League ពានកំពូលអឺរ៉ុបរដូវកាលនេះ។
តាមរយៈសមិទ្ធផលដែលសម្រេចបានខាងលើ នាំឲ្យអង់គ្លេសទទួលបានកំណត់ត្រាថ្មី និងក្លាយជាប្រទេសទី១ដែលមានក្រុមដល់ទៅ ៤ ឡើងទៅប្រជែងពានអឺរ៉ុបទាំងពីរ។
បើទោះជាក្រុមនៅអង់គ្លេសបានបង្ហាញភាពខ្លាំងក្នុងចំណោមក្រុមនៅអឺរ៉ុបផ្សេងទៀតក្តី តែមិនមែនមានន័យថាកីឡាករអង់គ្លេសសុទ្ធតែល្អក្នុងការជួយក្រុមរបស់ពួគេនោះទេ។ តួយ៉ាងសមាជិកក្រុមទាំង៤នេះមិនសូវមានជម្រើសកីឡាករជាជនជាតិអង់គ្លេសឡើយ គឺសម្បូរតែកីឡាករមានគុណភាពពីបរទេស។
Liverpool ក្រោមការដឹកនាំរបស់លោក Jurken Klopp មានជម្រើសកីឡាករអង់គ្លេស៣រូបប៉ុណ្ណោះសម្រាប់១១នាក់ដំបូង រួមមាន ខ្សែការពារ Trent Alexander-Arnold, ខ្សែបម្រើ James Milner និង Jordan Henderson។
Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ក៏មានតែ៣រូបដែរក្នុងចំណោម១១នាក់ដំបូង ដែលរួមមានខ្សែការពារស្លាប Danny Rose, Kieran Trippier និង ខ្សែបម្រើ Dele Alli។
ដោយឡែក Arsenal និង Chelsea វិញគឺស្ទើរតែគ្មានកីឡាករអង់គ្លេសទាល់តែសោះ។ ជម្រើស១១នាក់ដំបូងរបស់លោក Unai Emery មានមានតែកីឡាករក្នុងស្រុក១រូបប៉ុណ្ណោះគឺខ្សែបម្រើ Ainsley Maitland-Nile ដែលទើបដំឡើងពីយុវជន ក្រៅពីនោះជាកីឡាករបរទេសសុទ្ធ។
ខ្សែបម្រើវ័យក្មេង Ruben Loftus-Cheek ជាជម្រើសកីឡាករអង់គ្លេសម្នាក់គត់សម្រាប់ ១១នាក់ដំបូងរបស់លោក Maurizio Sarri ដែលជួយឲ្យតោខៀវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: