Arsenal ខកចិត្តដែលបានសំបុត្រតិច ស្របពេលការធ្វើដំណើររបស់អ្នកគាំទ្រទៅវគ្គផ្តាច់ព្រ័ត្រ UEL ស្មុគស្មាញ
- ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ៨:៥៩ នាទី យប់

Arsenal និង Chelsea ទទួលបានសំបុត្រចូលទស្សនាចំនួន ៦០០០ សន្លឹករៀងខ្លួនសម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ Europa League នៅកីឡដ្ឋាន Olympic Stadium ដែលមានចំណុះ ៦៨៧០០ កៅអីស្ថិតក្នុងក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នៅរាត្រីថ្ងៃទី២៩ ខែឧសភា។ ក្រុមអ្នកគាំទ្រទាំងពីរនឹងមានបញ្ហាធ្វើដំណើរដ្បិតមានចម្ងាយឆ្ងាយ ខណៈមិនមានជើងហោះហើរត្រង់ពីក្រុងឡុងដ៍ទៅក្រុងបាគូនៅថ្ងៃប្រកួតដ៏ធំនោះឡើយ។

ការផ្តល់សំបុត្រក្នុងចំនួនតិចតួចបែបនេះ ខាងភាគី Arsenal មិនសប្បាយចិត្តនោះទេសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានលំដាប់អឺរ៉ុប ព្រោះមិនងាយស្រួលនោះទេដើម្បីឈានដល់វគ្គនេះ។
«អ្នកគាំទ្រ Arsenal នឹងទៅទស្សនាផ្ទាល់រាប់ម៉ឺននាក់ ព្រោះនេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីឈានទៅដណ្តើមពាន Europa League រដូវកាលនេះ តើនរណាដែលមិនចង់ចូលរួមនោះ»។ ក្លិប Arsenal បានសម្តែងការខកចិត្តបែបនេះ។
ដោយឡែកខាងភាគី Chelsea មិនបានប្រតិកម្មនឹងការបែងចែកសំបុត្រទស្សនាសម្រាប់អ្នកគាំទ្ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នេះឡើយ។


បើនិយាយពីរយៈចម្ងាយវិញ អ្នកគាំទ្រក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍ទាំងពីរត្រូវចំណាយពេល ៥៨ម៉ោងសម្រាប់ចម្ងាយផ្លូវជិត៣ពាន់គីឡូម៉ែត្រ បើពួកគេចង់ធ្វើដំណើរតាមរថយន្តទៅកាន់ពហុកីឡដ្ឋាន Olympic Stadium ក្នុងក្រុងបាគូ។ ចម្ងាយផ្លូវជារឿងមួយហើយប៉ុន្តែបញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងការឆ្លងកាត់ព្រំដែន។
សម្រាប់អ្នកធ្វើដំណើរផ្លូវអាកាសវិញ បើទោះប្រើពេលត្រឹម៧ម៉ោងពីក្រុងឡុងដ៍ទៅបាគូ ប៉ុន្តែជើងហោះហើរមានតែ៣ដងប៉ុណ្ណោះក្នុង១សប្តាហ៍។ ហើយបើតាមតារាងធ្វើដំណើរ នៅថ្ងៃប្រកួតទី២៩ មិនមានជើងហោះហើរត្រង់នោះទេរវាងក្រុងទាំងពីរ។ ដូច្នេះតម្រូវឲ្យអ្នកគាំទ្រត្រូវប្តូរជើងយន្តហោះក្នុងក្រុងអ៊ីស្តាន់ប៊ុលរបស់តួកគី ឬក្រុងកៀវរបស់អ៊ុយក្រែនដោយត្រូវចំណាយពេល១០ម៉ោងដើម្បីទៅដល់បាគូ។
មានជម្រើសមួយទៀតសម្រាប់អ្នកចង់ហោះត្រង់តែម្តងគឺទៅមុនការប្រកួត៤ថ្ងៃ ហើយត្រឡប់ទៅវិញនៅសប្តាហ៍បន្ទាប់។
ក្រុមកាំភ្លើងធំបានប្រកាសពីតម្លៃសំបុត្រក្នុងចន្លោះពី ៣៨ដុល្លារអាមេរិកដល់ ១៥៧ដុល្លារអាមេរិក។ ក្នុងចំណោមសំបុត្រទាំង៦០០០សន្លឹក ភាគច្រើនលក់ក្នុងតម្លៃ៥៦ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: