Salford City របស់មហាសេដ្ឋីសិង្ហបុរី និងវីរបុរស Man Utd ឡើងលេង League Two
- ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ២:២៨ នាទី រសៀល

Salford City ដែលមានមូលដ្ឋាននៅក្រុងមែនឆេស្ទ័រ បានឡើងទៅលេង League Two ក្របខណ្ឌលំដាប់ទីបួននៃបាល់ទាត់អង់គ្លេស។ ក្រុមដែលមានមហាសេដ្ឋីសិង្ហបុរី Peter Lim និងវីរបុរស Manchester United ៦រូបជាម្ចាស់នោះ បានយកឈ្នះ A.F.C. Fylde ៣-០ នាការប្រកួត Play-off នៃក្របខណ្ឌ National League។

Emmanuel Dieseruvwe បានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ ហើយ Carl Piergianni និង Ibou Touray បន្ថែមម្នាក់១គ្រាប់នៅតង់ទីពីរ ដើម្បីនាំភាពរីករាយសម្រាប់ក្រុមអ្នកគាំទ្រ Salford City នៅកីឡដ្ឋាន Wembly កាលពីថ្ងៃទី១២ ខែឧសភា។
មានកីឡដ្ឋានឈ្មោះ Moor Lane ក្រុម Salford City ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១៤ មហាសេដ្ឋីដូងប្រេង និងថ្នាំពេទ្យសិង្ហបុរី លោក Peter Lim បានទិញក្លិបមួយនេះ ជាមួយវីរបុរសក្លិប Manchester United ៥នាក់ គឺ Ryan Giggs, Gary Neville, Phil Neville, Paul Scholes និង Nicky Butt។ កីឡាករទាំង៥នាក់ មានភាគហ៊ុនម្នាក់ៗចំនួន១០ភាគរយ។ បច្ចុប្បន្ន លោក Peter Lim មានភាគហ៊ុន៤០ភាគរយ បន្ទាប់ពីលក់១០ភាគរយឲ្យ David Beckham កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
Salford City ដែលមានលោក Graham Alexander ជាគ្រូបង្វឹកទើបឡើងលេងក្របខណ្ឌ League Two ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ គេរំពឹងថា ក្លិបនឹងបោះជំហានមួយបន្ថែមទៀត ដោយសារម្ចាស់ភាគហ៊ុនដែលជាអតីតក្រុមយុវជនជំនាន់ឆ្នាំ៩២ (Class of '92) របស់ Manchester United៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: