Lampard នាំ Derby ឡើងប៉ះ Aston Villa ដើម្បីប្រជែងកៅអីទៅលេង Premier League
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ១២:០១ នាទី រសៀល

ក្រុម Derby County បានទម្លាក់ Leeds United ក្នុងការប្រកួតវគ្គ play-off ដោយទទួលជ័យជម្នះក្នុងលទ្ធផលទាំងពីរជើង ៤-៣ ឡើងទៅប្រជែងជាមួយ Aston Villa នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមកៅអីទៅលេងនៅ Premier League រដូវកាលក្រោយ។

ជំនួបវគ្គ play-off ជើងទី២នៅទឹកដី Elland Road ម្ចាស់ផ្ទះ Leeds បានរងបរាជ័យ ៤-២ ក្រោមថ្វីជើងក្រុមភ្ញៀវ Derby County ដែលដឹកនាំដោយអ្នកចាត់ការ Frank Lampard។ ៤គ្រាប់របស់ Derby ធ្វើបានដោយ Jack Marriott ២គ្រាប់ Mason Mount និង Harry Wilson រកបានម្នាក់មួយគ្រាប់ រីឯ២គ្រាប់របស់ Leeds សម្រេចទីបានដោយខ្សែបម្រើ Stuart Dallas។


Leeds ដែលជាក្រុមមានប្រៀបនៅជើងទី១ដោយយកឈ្នះ Derby ១-០ បានបើកការនាំមុខមុននៅជើងទី២បន្ទាប់ពីខ្សែបម្រើ Stuart Dallas ធ្វើបាននៅនាទី២៤ មុនខ្សែប្រយុទ្ធ Jack Marriott រកគ្រាប់បាល់តាមស្មើវិញនៅចុងតង់ទី១។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន១នាទីប៉ុណ្ណោះ ខ្សែបម្រើ Mason Mount អាចរកគ្រាប់បាល់នាំមុខឲ្យក្រុមលោក Lampard វិញ មុនពេល Harry Wilson បន្ថែមគ្រាប់ទី៣នៅនាទី៥៨។ ៤នាទីបន្ទាប់ Dallas បានសម្រេចគ្រាប់បាល់ទី២របស់ខ្លួនឲ្យ Leeds។ ជិតបញ្ចប់តង់ទី២ទៅហើយពោលគឺនាទី៨៥ Marriott បានបន្ថែមគ្រាប់បាល់ទី២របស់ខ្លួន និងជាគ្រាប់ទី៤សម្រាប់ក្រុម។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង Derby ឈ្នះ Leeds ៤-៣។
នេះជាការខកចិត្តបំផុតសម្រាប់ក្រុមដែលដឹកនាំដោយលោក Marcelo Bielsa ក្រោយបាត់បង់ក្តីសង្ឃឹមឡើងទៅក្របខណ្ឌកំពូលអង់គ្លេសវិញបន្ទាប់ពីអវត្តមានចំនួន១៥រដូវកាល។

ដោយឡែក Derby សង្ឃឹមថា ពួកគេនឹងអាចបង្ហាញខ្លួននៅលីគកំពូលរដូវកាលក្រោយវិញនៅក្រោមការដឹកនាំរបស់វីរបុរស Chelsea លោក Lampard ដែលក្លាយជាអ្នកចាត់ការរដូវកាលនេះ។
Derby County ត្រូវប្រជែងជាមួយ Aston Villa ដែលទម្លាក់ West Bromwich Albion ដោយបាល់កាត់សេចក្តី១១ម៉ែត្រ នៅថ្ងៃទី២៧ ខែឧសភា នាកីឡដ្ឋាន Wembley ដើម្បីយកមួយក្រុមទៅលេង Premier League រដូវកាលក្រោយ។ Norwich City និង Sheffield United ជាក្រុមពីរផ្សេងទៀតដែលបានលេងក្របខណ្ឌកំពូលអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: