ធនាគារជាតិថ្កោលទោសក្រុមហ៊ុន GCG Asia ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតម្ចាស់ក្រុមហ៊ុននេះ
- ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ៩:៤២ នាទី ព្រឹក

ភ្នំពេញ៖ ធនាគារជាតិ បដិសេធថា ធនាគារមិនមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន GCG Asia នោះទេ ដូច្នេះរាល់ការលើកឡើងរបស់ក្រុមហ៊ុនមួយនេះ គឺមានបំណងទុច្ចរិតប៉ុណ្ណោះ។ ការច្រានចោលព័ត៌មាននេះ ធ្វើឡើងបន្ទាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតលើម្ចាស់ក្រុមហ៊ុន GCG Asia ដែលបានយកឈ្មោះសម្ដេច និងធនាគារជាតិទៅប្រើប្រាស់ក្នុងការធ្វើអាជីកម្ម។

ហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានសរសេរថា ធនាគារជាតិមិនដែលទទួលស្គាល់ ឬមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន GCG Asia នេះឡើយ។ ធនាគារជាតិ កំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការបំភ្លៃ និងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Asia និងថ្កោលទោសចំពោះការប្រព្រឹត្តិអំពើខុសច្បាប់នេះ។
«សូមសាធារណជនមេត្តាប្រុងប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះនិងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត»។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
ប្រតិកម្មរបស់ធនាគារជាតិនេះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតលើក្រុមហ៊ុនបរទេសមួយនេះ ដែលយកឈ្មោះសម្ដេច ទៅធ្វើអាជីកម្ម។ ព័ត៌មានដែលសម្ដេច ហ៊ុន សែន ទទួលបាននោះ គឺក្រុមហ៊ុនបរទេសឈ្មោះGCG Asia Co., LTD នេះ បានយករូបថតសម្ដេច ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន (http://gcgasiacoin.com/) ដែលសរសេរថា សម្ដេចគឺជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការលើកឡើងរបស់ក្រុមហ៊ុននេះ គឺជារឿងប្រឌិត ដែលផ្ទុយពីការពិត ។ បើតាមសម្ដេច ហ៊ុន សែន ក្រុមហ៊ុនខាងលើនេះ គឺជាក្រុមហ៊ុនដែលរកស៊ីមិនត្រឹមត្រូវ ហើយកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅ(Black List)ផងដែរ។
ទាក់ទងបញ្ហានេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតហើយ។ លោក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ចបានរៀបចំនីតិវិធីច្បាប់ ដើម្បីដំណើរការអនុវត្តជាជំហានទៅលើម្ចាស់ក្រុមហ៊ុននេះហើយ។ ប៉ុន្តែលោក សុំមិនផ្ដល់ព័ត៌មានលម្អិតពីកិច្ចការរបស់សមត្ថកិច្ចលើក្រុមហ៊ុនបរទេសនេះទេ។
Relate
Relate
តែយ៉ាងណានៅព្រឹកថ្ងៃទី១៧ ឧសភានេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចចុងក្រោយ មុននឹងឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។ ចំណែកខាងជំនាញសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ ក៏បានស្រាវជ្រាវមួយជំហានមុន ហើយបានសំណូមពរដាក់រឿងនេះ ក្នុងការស៊ើបអង្កេតប្តឹងទៅព្រះរាជអាជ្ញា ដើម្បីដោះស្រាយតាមច្បាប់ ចំពោះក្រុមហ៊ុនខាងលើផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានស្រង់សម្តីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: