បុរសម្នាក់ទៀត ត្រូវជាប់ឃុំ ព្រោះប្រមាថព្រះមហាក្សត្រនិងនាយករដ្ឋមន្រ្តី
- ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ១០:០៣ នាទី ព្រឹក

បុរសដែលប្រមាថព្រះមហាក្សត្រ ត្រូវចាប់ខ្លួន (រូបពី Bayon Radio)
សមត្ថកិច្ចខេត្តស្វាយរៀង បានចាប់បុរសម្នាក់ទៀតឈ្មោះ គឹម បញ្ញា អាយុ២៣ឆ្នាំ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ ការចាប់ខ្លួនេះ គឺធ្វើតាមដីកាបង្គាប់របស់លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រមស៊ើបសួរតុលាការខេត្តស្វាយរៀង។

ចៅក្រមស៊ើបសួរ បញ្ជាក់ក្នុងដីកាដែលចេញនៅថ្ងៃទី២៣ឧសភាថា បុរសនេះ រងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រមាថព្រះមហាក្សត្រ» ដែលប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ឧសភា។
តាមរយៈដីកានោះ ចៅក្រមស៊ើបសួរ បង្គាប់ឲ្យយកបុរសនេះ ទៅឃុំបណ្តោះអាសន្ន។
លោក ទេព ផល្លា ប្រធានរដ្ឋបាលតុលាការខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលបុរសខាងលើ រងបទចោទទាំងនោះ គឺដោយសារតែរូបគេ បង្ហោះសារលក្ខណៈប្រមាថព្រះមហាក្សត្រ លើបណ្តាញសង្គម កាលពីកន្លងទៅ។ លោក អះអាងបែបនេះថា «គេ ឃុំគាត់តាំងពីម្សិលមិញម្ល៉េះ»។
សារនោះ ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកឈ្មោះ Kim Panha។ ក្រៅពីប្រមាថព្រះមហាក្សត្រ សារនោះ ក៏មានលក្ខណៈប្រមាថសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ តែបង្ហាញការគាំទ្រមេដឹកនាំក្រុមប្រឆាំង ដោយសរសេរថា «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ»។
កន្លងមក មានបុរស៣នាក់ហើយ ដែលត្រូវចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។ សូម្បីលោក សម រង្ស៊ី ក៏រងពីបទប្រមាថព្រះមហាក្សត្រដែរ។ ប៉ុន្មានថ្ងៃមុន តុលាការភ្នំពេញ ទើបនឹងកាន់ក្តីឲ្យលោក ជាប់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។
កន្លងមក ក៏មាននារីម្នាក់ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ត្រូវជាប់ឃុំដែរ ពីរឿងប្រមាថសម្តេចនាយករដ្ឋមន្រ្តី។ នារីនោះ បានយកស្បែកជើង គប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្តេចនាយករដ្ឋមន្រ្តី និង រូបសម្តេច ហេង សំរិន៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com