«កុំចងពៀរ កុំសងសឹកគ្នា»!
- ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ជាធម្មតា នៅក្នុងសង្គម ជោគជ័យ បរាជ័យ ឬវាសនារបស់មនុស្ស តែងតែឡើងចុះ ឬប្រែប្រួលទៅតាមកាលៈទេសៈ ស្ថានភាព និងលក្ខខណ្ឌចាំបាច់មួយចំនួន។ ម្ដងអ្នកនេះជោគជ័យ ម្ដងអ្នកនោះជោគជ័យ ពេលខ្លះអ្នកនេះខ្លាំង ពេលខ្លះអ្នកនោះខ្លាំង ពេលខ្លះអ្នកនេះមាន ពេលខ្លះអ្នកនោះមាន សម័យមុនក្រុមនោះធ្វើធំ សម័យនេះក្រុមនេះធ្វើធំ។ ក្នុងរបបប្រជាធិបតេយ្យ អាណត្តិមុនបក្សនោះកាន់អំណាច អាណត្តិនេះបក្សនេះកាន់អំណាច ជាដើម។

នៅក្នុងតថភាពសង្គម គេសង្កេតឃើញក្នុងករណីខ្លះ អ្នកខ្លាំង អ្នកជោគជ័យ អ្នកមាន អ្នកកាន់អំណាចក្នុងសម័យកាលមួយ បានធ្វើបាប គាបសង្កត់ បង្ក្រាប និងកេងចំណេញលើអ្នកខ្សោយ អ្នកបរាជ័យ អ្នកក្រ និងអ្នកគ្មានអំណាច។ ផ្ទុយទៅវិញ ពេលដែលពួកគេចុះខ្សាយ និងបាត់បង់អំណាចវិញ ពួកគេក៏ត្រូវក្រុមដែលធ្លាប់ទទួលរងគ្រោះពីមុននោះធ្វើបាប ឬសងសឹកវិញដែរ។ សភាពបែបខាងលើនេះ សមដូចសុភាសិតមួយដែលបុព្វបុរសខ្មែរបានលើកឡើងថា«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «ទឹកឡើង» មានន័យថា ទឹកជន់ជោរ ទឹកច្រើនហូរហៀរ ដែលបណ្ដាលមកពីទឹកភ្លៀង ឬទឹកហូរមកពីប្រភពដែលខ្ពស់ជាង ហើយដែលអាចបណ្ដាលឱ្យលិចលង់អ្វីៗជាច្រើន រួមទាំងសំបុកស្រមោចផងដែរ។ នៅពេលនោះស្រមោចបានអណ្ដែតលើផ្ទៃទឹក និងបានក្លាយទៅជាចំណីរបស់ត្រី។ «ទឹកហោច» មានន័យថា ទឹកស្រក ទឹករីង ទឹកហួត ដែលធ្វើឱ្យសត្វដែលរស់នៅក្នុងទឹកប្រឈមមុខនឹងការអត់ជំរក និងការងាប់ ជាពិសេស ត្រីឬមច្ឆជាតិដទៃទៀតក៏ងាប់ដែរ។ ពេលនោះ ត្រីក៏បានក្លាយទៅជាចំណីរបស់ស្រមោចវិញម្ដង។
តាមន័យត្រង់ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មានន័យថា ពេលដែលទឹកឡើង ទឹកជោរ ទឹកលិច អ្វីៗគ្រប់យ៉ាងក៏លិចដែរ សូម្បីតែសំបុកស្រមោច។ ក្នុងករណីនេះស្រមោចក៏បានក្លាយទៅជាចំណីត្រីដោយចៀសពុំរួច។ នៅពេលទឹកហោច ទឹករីង ទឹកហួតវិញ នាំឱ្យមច្ឆជាតិទាំងអស់ឬត្រី បាត់បង់ជម្រក និងប្រឈមមុខនឹងការងាប់ ហើយទីបំផុតពួកវាក៏បានក្លាយទៅជាចំណីរបស់ស្រមោចវិញ។
តាមន័យធៀប «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» មានន័យថា ពេលអ្នកណាម្នាក់ឬក្រុមណាមួយមានអំណាច ខ្លាំង ឬមានទ្រព្យ ករណីខ្លះពួកគេបានធ្វើទុក្ខបុកម្នេញ ធ្វើបាប បង្ក្រាប ឬគាបសង្កត់ដល់អ្នកគ្មានអំណាច អ្នកខ្សោយ អ្នកក្រ។ ផ្ទុយទៅវិញ ពេលដែលពួកគេធ្លាក់ពីអំណាច ចុះខ្សោយ ឬធ្លាក់ខ្លួនក្រវិញ ហើយករណីចៃដន្យខ្លះបើពួកអ្នកដែលធ្លាប់រងគ្រោះពីមុននោះបានក្លាយទៅជាអ្នកមានអំណាច អ្នកខ្លាំង ឬអ្នមានវិញម្ដង ពួកនោះក៏សងសឹកត្រឡប់ទៅលើពួកគេវិញដែរ។ ការសងសឹករបៀបនេះ គឺជាអំពើចងពៀរគ្នា ចងអាឃាតគ្នាមិនចេះចប់ ដែលធ្វើឱ្យសង្គមមួយមិនអាចមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សេចក្ដីស្រឡាញ់ និងសុខដុមរមនាបានឡើយ។
បើពិនិត្យឱ្យហ្មត់ចត់ទៅ យើងអាចមើលឃើញថា សុភាសិតនេះបានបង្កប់គំនិតអប់រំមួយយ៉ាងសំខាន់ ដោយអប់រំកូនខ្មែរកុំឱ្យចងពៀរ កុំឱ្យសងសឹក និងចងអាឃាតគ្នា ពីព្រោះថា ការសងសឹកគ្នាទៅវិញទៅមកនេះ មិនអាចដោះស្រាយបញ្ហាបានទេ ហើយវាក៏គ្មានទីបំផុតដែរ។ តាមពិតទៅ អ្នកមានអំណាចនិងអ្នកគ្មានអំណាច អ្នកមានទ្រព្យនិងអ្នកក្រទ្រព្យ អ្នកខ្លាំងនិងអ្នកខ្សោយ មិនគួរយកគ្នាជាសត្រូវនោះទេ ពួកគេគួរតែចាត់ទុកគ្នាជាដៃគូ សហការគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក។ ក្នុងករណីដែលពួកគេមានជម្លោះឬបញ្ហាជាមួយគ្នា ពួកគេគួរតែព្យាយាមអត់ឱនគ្នា អធ្យាស្រ័យឱ្យគ្នា និងអាចដោះស្រាយដោយសន្តិវិធី តាមផ្លូវសីលធម៌ ឬច្បាប់ ជាជាងការសងសឹកគ្នាទៅវិញទៅមក៕
ដោយ ឈត ប៊ុនថង
ដោយ ឈត ប៊ុនថង
© រក្សាសិទ្ធិដោយ thmeythmey.com