ភារធារីទូតកម្ពុជានៅប៊ុលហ្គារីទៅលើកទឹកចិត្តជម្រើសជាតិតេក្វាន់ដូ ITF ដល់កន្លែងប្រកួត
- ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៣:២៨ នាទី រសៀល

លោក ប៉ូល សេងគី (ទី៤រាប់ពីស្តាំ)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំកីឡាកម្ពុជា
ប៊ុលហ្គារី៖ លោក ប៉ូល សេងគី ភារធារីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី បានមកសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករកីឡាការិនីតេក្វាន់ដូ ITF កម្ពុជាដល់ទីលានប្រកួតជើងឯកពិភពលោក World ITF Taekwon-do Champioship ក្រុង Plovdiv ប្រទេសប៊ុលហ្គារី។ ក្នុងអំឡុងពេលមកលើកទឹកចិត្តនេះ លោក ក៏បាននាំយកថវិកាមួយចំនួនប្រគល់ជូនប្រតិភូកីឡាកម្ពុជាផងដែរ។ សម្រាប់ការប្រកួតដែលព្រឹត្តទៅចាប់ពីថ្ងៃទី២៤-៣០ ខែសីហា មួយនេះ កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៧រូប(ស្រី២រូប)ចូលរួម។

ការចូលរួមលើកទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាដល់កន្លែងប្រកួត គឺជាផ្នែកមួយនៃកិច្ចការស្នូលរបស់ស្ថានទូតកម្ពុជា ហើយ ក៏ដើម្បីការពារនិងលើកមុខមាត់ប្រទេសជាតិផងដែរ។ នេះជាការលើកឡើងរបស់ លោក ប៉ូល សេងគី ភារធារីទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារី ក្នុងអំឡុងពេលលោកទៅលើកចិត្ត និងនាំថវិកាមួយចំនួនប្រគល់ជូនប្រតិភូកីឡាកម្ពុជា ដែលកំពុងចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកនៅទីនោះ។

លោក ប៉ូល សេងគី (ទី២រាប់ពីស្តាំ)ប្រគល់លុយឲ្យលោក បួនហ៊ីង សុធីយ៉ា ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា
«ការមកលើកទឹកចិត្តកីឡាករ ក៏ជាផ្នែកមួយនៃកិច្ចការងារស្នូលរបស់ស្ថាតទូតកម្ពុជាដែរ ដែលមកក្នុងនាមដើម្បីការពារកិត្តិយសជាតិ លើកស្ទួយកិត្តិយសជាតិ និងគាំពារកិត្តិយសជាតិខ្មែរ។ ដូច្នេះវាផ្នែកមួយដែលខ្ញុំចាំបាច់ត្រូវតែមកចូលរួម និងលើកកិត្តិយសជាតិទាំងអស់គ្នា»។ លោក ប៉ូល សេងគី លើកឡើងបែបនេះពេលផ្តល់បទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗនៅប៊ុលហ្គារី។
ភារីធារីរូបនេះ បានបង្ហាញការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករកម្ពុជាថា ពួកគេនឹងអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍ ដែលមានកីឡាករមកពី៦៩ប្រទេសចូលរួមមួយនេះ ជូនជាតិមាតុភូមិ។ លោកបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញវត្តមានរបស់កីឡាករកីឡាការិនីយ៉ាងច្រើន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះ។
សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)៕













អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: