តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

«បច្ច័យ»ដែលអានថា បុ័ច ចៃ នោះសរសេរជាបាលី បច្ចយ ហើយសំស្ក្រឹត ប្រត្យយ មានន័យថា ហេតុជាទីអាស្រ័យតគ្នា,ទំនង លំអាន ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ។ ក្នុងន័យម្យ៉ាងទៀត«បច្ច័យ» សំដៅលើគ្រឿងអាស្រ័យសម្រាប់បព្វជិត។ «បច្ច័យ»សរសេរជាភាសាបារាំង Suffixe។

បើតាមការបកស្រាយពី ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ពាក្យ«បច្ច័យ»គឺមានន័យខុសពី«លុយ»និង«សទ្ធា»។ ភិក្ខុ វិជរប្បញ្ញោ គូ សុភាព ពន្យល់ថា «លុយ» ជាផ្នែកមួយនៃបច្ច័យប៉ុណ្ណោះ ដែលគេចាត់ទុកលុយបូកបញ្ចូលជាបច្ច័យ ដែលមានដូចជា សំពត់ ខោអាវ ស្បង់ចីពរ ផ្ទះសម្បែង វត្ត សាលា ជាដើម។
ចំណែកពាក្យថា «សទ្ធា»សំដៅលើការមានចិត្តជ្រះថ្លា ជឿជាក់ថាធ្វើអំពើល្អ នឹងទទួលបានផលល្អ។ «របស់ដែលយើងធ្វើទានហ្នឹងអាហ្នឹងគេហៅថា បច្ច័យ ដែលភាគច្រើនហៅថា លុយហ្នឹងឯង។ សម័យឥឡូវគេច្រើននិយមហៅថា លុយ ជាបច្ច័យ ប៉ុន្តែបច្ច័យ អាចមានច្រើនលើសហ្នឹងទៀត»។ នេះជាការបញ្ជាក់របស់ព្រះអង្គគ្រូ គូ សុភាព ដែលជាភិក្ខុ វិជរប្បញ្ញោ គង់នៅវត្តនិគ្រោធវ័ន គល់ទទឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com