អាជ្ញាធរសុំមិនឲ្យដំឡើងថ្លៃឈ្នួលរថយន្ត និងដឹកអ្នកដំណើរឲ្យត្រឹមត្រូវ ក្នុងឱកាសភ្ជុំបិណ្ឌ
- ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឲ្យរក្សាតម្លៃដដែលចំពោះការដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញនិងបណ្ដាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ខែកញ្ញានេះ។

ក្នុងលិខិតខាងលើនេះ សាលារាជធានីបានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន ដែលកន្លងមកបានរក្សាតម្លៃដឹកជញ្ជូនឲ្យនៅដដែលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមការអំពាវនាវ តែម្ចាស់ក្រុមហ៊ុន និងរថយន្តមួយចំនួនផ្សេងទៀតបានដំឡើងថ្លៃឈ្នួល។
អត្ថបទទាក់ទង
រដ្ឋបាលក្រុងភ្នំពេញ សូមម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងនោះ រក្សាតម្លៃសេវារបស់នៅដដែលក្នុងឱកាសភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះអាជ្ញាធរសុំឲ្យម្ចាស់រថយន្តដឹកជញ្ជូនទាំងនោះ ណែនាំដល់អ្នកបើកបររបស់ខ្លួនកុំផ្ទុកអ្នកដំណើរលើសចំណុះ និងត្រូវបើកបរគោរពច្បាប់។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរអំពាវដល់ប្រជាពលរដ្ឋ កម្មករ កុំជិះប្រជ្រៀតគ្នា លើសចំណុះ ឬជិះលើដំបូលរថយន្តឈ្នួល ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
«រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរចូលរួមអនុវត្តតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីយោគយល់អធ្យាស្រ័យ»។ សេចក្ដីជូនដំណឹងរបស់សាលាក្រុងគូសបញ្ជាក់ដូចនេះ។
គួរបញ្ជាក់ថា ក្រៅពីការអំពាវនាវសុំកុំដំឡើងថ្លៃឈ្នួលរថយន្តដូចខាងលើនេះ អាជ្ញាធរក៏បានត្រៀមរថយន្តក្រុងចំនួន ១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅមកភ្នំពេញនិងបណ្ដាខេត្តមួយចំនួន ដោយឥតគិតថ្លៃ៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: