តាមពិត មូលហេតុពិតប្រាកនៅពីក្រោយខ្មោចសង្កត់គឺ…
- ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ម៉ោង ១០:៥៩ នាទី យប់

មានមនុស្សច្រើនណាស់ធ្លាប់ឆ្លងកាត់ហេតុការចម្លែកមួយនេះ។ នៅពេលអ្នកកំពុងតែគេងលក់ ឬភ្ញាក់ពីគេង អ្នកពិតជាព្យាយាមប្រែខ្លួន ប៉ុន្តែបែរជាមិនអាចធ្វើកើតទៅវិញ។ និយាយឱ្យខ្លីទៅគឺមិនអាចកម្រើកសូម្បីតែដៃ និងជើងតែម្តង។

ភ្លាមៗនោះអ្នកទំនងជាមានអារម្មណ៍ថា មានអ្វីមួយខ្មៅកំពុងតែធ្វើចលនា។ វាអាចចេញពីជ្រុងនៃបន្ទប់ និងធ្វើដំណើរយឺតៗមកលើគ្រែរបស់អ្នកតែម្តង។ ពេលនោះ អ្នកបានព្យាយាមកម្រើកខ្លួន និងស្រែកឱ្យគេជួយ ប៉ុន្តែបែរជាមិនអាចធ្វើបានទៅវិញ។ ពេលខ្លះ អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍ថប់ក្នុងដង្ហើមដោយសារតែដូចជាមាននរណាម្នាក់ច្របាច់កជាប់អញ្ជឹង។
ក្រោយពីអ្នកកម្រើកខ្លួនរួច អ្នកនឹងងើបអង្គុយដើម្បីរកមើលអ្វីដែលបានឃើញក្នុងភាពងងឹតនោះក្នុងបន្ទប់ ប៉ុន្តែបែរជាគ្មានអ្វីទាល់តែសោះទៅវិញ។ តើអ្នកធ្លាប់ឆ្លងកាត់ស្ថានភាពមួយនេះដែរទេ?
បទពិសោធន៍មួយនេះត្រូវបានខ្មែរយើងហៅថា ខ្មោចសង្កត់ ឬ Sleep Paralysis ហើយវាក៏ជាស្ថានភាពមួយដ៏គួរឱ្យខ្លាចបំផុតផងដែរ។ ប៉ុន្តែមិនបាច់បារម្ភទៀតទេ ព្រោះយើងមានហេតុផលសាមញ្ញមួយដែលអាចពន្យល់អំពីរឿងនេះបាន។
មុនពេលមានការសិក្សាអំពីរឿងនេះ អ្នកដែលធ្លាប់ឆ្លងកាត់តែងតែបន្ទោសទៅលើរងធម្មជាតិ ជាពិសេសរឿងព្រាយបិសាចតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ វាលែងជារឿងពិតទៀតហើយ។
ការគេងខ្មោចសង្កត់កើតឡើងនៅពេលអារម្មណ៍របស់មនុស្សម្នាក់បានភ្ញាក់ពីគេងប៉ុន្តែរាងកាយរបស់ពួកគេនៅគេងលក់នៅឡើយ។ រឿងនេះច្រើនតែកើតឡើងនៅពេលមនុស្សកំពុងតែគេងលក់តែពួកគេប្រហែលជាភ្ញាក់ពីគេងវិញហើយ។
អារម្មណ៍ និងរាងកាយគឺស្ថិតក្នុងចំណុចពិសេសមួយនៅចន្លោះរវាងការយល់សុបិន និងភ្ញាក់ពីគេង ហើយដោយសារតែរឿងនេះហើយ ទើបបានជាមានរឿងចម្លែកៗកើតឡើង។ ហេតុផលនៅពីក្រោយការគេងខ្មោចសង្កត់គឺជារងធម្មជាតិទេ ព្រោះវាកើតឡើងនៅពេលអ្នកស្ថិតក្នុងដំណាក់កាលគេងលក់មួយឈ្មោះថា REM (Rapid Eye Movement) ជាពិសេសពេលពួកគេងកំពុងតែយល់សុបិនតែម្តង។
ដូច្នេះអ្នកត្រូវតែសន្និដ្ឋានឃើញថា ស្រមោលគួរឱ្យខ្លាចទាំងនោះហាក់បីដូចជាការពិតអញ្ជឹង ប៉ុន្តែធាតុពិតវាគឺជាការមើលឃើញរបស់អារម្មណ៍ប៉ុណ្ណោះ ឬហៅថា Hallucination។
អ្នកប្រហែលជាគិតថា អ្នកដឹងខ្លួន ប៉ុន្តែអារម្មណ៍របស់អ្នកកំពុងតែយល់សុបិន្តនៅឡើយទេ ហេតុដូច្នេះហើយអ្វីៗដែលមើលឃើញដូចជាការពិតអញ្ចឹង។ សំណួរនោះគឺថា តើស្ថានភាពទាំងនេះបាត់ទៅវិញដោយរបៀបម៉េចទៅ?
សំណួរដំបូងគេនោះគឺថា តើអ្នកគេងបានត្រឹមត្រូវដែរទេ? តើអ្នកមានភាពតក់ស្លុតដែរទេ? តើអ្នកមានមើលរឿងខ្មោច ឬរឿងរន្ធត់ដែរទេមុនពេលចូលគេង? ទាំងអស់នេះហើយសុទ្ធតែធ្វើឱ្យគេងខ្មោចសង្កត់។
ដូច្នេះចូរព្យាយាមលុបបំបាត់ស្ត្រេស និងបន្ធូរអារម្មណ៍មុនពេលចូលគេង។ បើសិនជាអ្នកមានអារម្មណ៍ធូរស្រាលហើយនោះ អ្នកប្រហែលជាទទួលបានការគេងដ៏ល្អមួយយប់បាន។
បើសិនជាវាមិនអាចជួយអ្វីបានទេ អ្នកប្រហែលជាគួរមើលប្រវត្តិរបស់គ្រួសារ និងការប្រើប្រាស់ថ្នាំរបស់អ្នកវិញទៅ។ អ្នកប្រហែលជាកំពុងតែប្រើថ្នាំព្យាបាលបញ្ហាអ្វីមួយ ឬគ្រួសារធ្លាប់មានបញ្ហានៃការគេងដែរ។
បើសិនជាអ្នកគិតថា អ្នកមិនអាចដោះស្រាយបញ្ហាបានទេ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។ យ៉ាងហោចណាស់អ្នកក៏ដឹងថា វាមិនមានខ្មោចព្រាយបិសាច់អ្វីចង់យកជីវិតអ្នកដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com