ហេតុអ្វីបានជាសត្វត្រីខ្លះហែលបញ្ច្រាសចរន្តទឹក?
- ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ម៉ោង ៦:០០ នាទី ល្ងាច

ពេលខ្លះនៅក្នុងធម្មជាតិ រឿងរ៉ាវមួយចំនួនមិនមានភាពងាយស្រួលក្នុងការសិក្សា និងយល់អំពីវាប៉ុន្មាននោះទេ។ នៅមានសំណួរជាច្រើនត្រូវបានមនុស្សមួយចំនួនចោទសួរ និងតាមដានអំពីមូលហេតុរបស់វា។ ក្នុងនោះ រឿងមួយដែលមានលក្ខណៈសាមញ្ញសម្រាប់មនុស្សទូទៅ ប៉ុន្តែមូលហេតុដែលនៅពីក្រោយភាពសាមញ្ញនេះ មិនមែនងាយស្រួលក្នុងការតាមដាននោះទេ។ ហេតុអ្វីបានជាសត្វត្រីមួយចំនួនហែលបញ្ច្រាសចរន្តទឹក? ហេតុអ្វីបានជាពួកវាមិនហែលបណ្តោយទឹកសម្រាប់សន្សំសំចៃកម្លាំង?

មូលហេតុដែលនៅពីក្រោយរឿងនេះគឺពាក់ព័ន្ធជាមួយនឹងវដ្តនៃជីវិតរបស់ពពួកសត្វត្រីនីមួយៗ។ ដោយដកស្រង់ និងធ្វើការកែសម្រួលពីគេហទំព័រ Sciencing គេបានបញ្ជាក់ពីមូលហេតុចំនួនបួនយ៉ាងដែលធ្វើឲ្យត្រីមួយចំនួនហែលមិនស្របជាមួយនឹងទឹក។
ទី១៖ ការចងចាំចេញពីកំណើត
អ្នកជំនាញខាងជីវវិទ្យាមួយចំនួនបានសិក្សាថា ត្រីខ្លះដែលមានដូចជាពពួកត្រីសាសម៉ុន ដែលតែធ្វើដំណើរបញ្ច្រាស់ជាមួយនឹងចរន្តទឹកជានិច្ច។ នេះគឺដោយសារតែការចងចាំអំពីកន្លែងដែលពួកគេបានចាប់កំណើតឡើង។ គេហៅការចងចាំនេះថា«Home Odors»ដែលមានទម្រង់ប្រហាក់ប្រហែលនឹងក្លិន ដក់ជាប់នៅក្នុងខួរក្បាលនៃប្រភេទត្រីមួយចំនួន។ ការចងចាំក្នុងទម្រង់ជាក្លិននេះ មានវត្តមាននៅតាមចរន្តទឹកដែលសត្វត្រីទាំងនោះធ្លាប់កកើត រស់នៅ និងបន្តពូជ។ នៅពេលដែលសត្វត្រីដល់វ័យបន្តពូជ ឬពង ពួកគេតែងហែលទៅតាមក្លិននៃការចងចាំទាំងនោះ ទៅកាន់ជម្រកសម្រាប់ពង ដើម្បីធានាសុវត្តិភាពនៃពូជជំនាន់ក្រោយរបស់ពួកវា។
ទី២៖ ការបន្តពូជ
សត្វត្រីញី និងឈ្មោលខ្លះបន្តពូជនៅពេលដែលពួកគេធ្វើដំណើរបញ្ច្រាសនៃលំហូរទឹក។ នេះគឺដោយសារតែ ការហែលបញ្ច្រាសទឹក ទៅកាន់កន្លែងដែលខ្ពស់ ធានានូវសុវត្តិភាពនៃពងត្រីដែលនិងត្រូវលូតលាស់ ដោយសារតែចំនួនភាគរយតិចនៃពពួកសត្វរំពារដែលអាចមកស៊ីពងត្រីតូចៗទាំងនោះ។ ហើយម្យ៉ាងវិញទៀត ទឹកដែលនៅនីវ៉ូខ្ពស់មានកម្លាំងលំហូរចរន្តល្អជាង ធ្វើឲ្យការលូតលាស់នៃពងតូចៗ មិនត្រូវបានរំខាន និងមានភាពប្រសើរ។
ទី៣៖ សត្វត្រីខ្លះនឹងងាប់ក្រោយពេលពងហើយ
ត្រីមេដែលបានបន្តពូជហើយនឹងបាត់បង់ជីវិត ក្នុងអំឡុងមួយសប្តាហ៍ក្រោយការពង។ ដូចនេះ កូនតូចៗទាំងនោះត្រូវមើលថែខ្លួនឯង។ ត្រីមេដែលទើបនឹងងាប់នោះក៏អាចជាអាហាររបស់សត្វត្រីតូចៗដែលទើបនឹងកើតដែរ។ ប្រមាណមួយខែក្រោយមក ត្រីតូចៗទាំងនោះនឹងចាប់ផ្តើមចេញស៊ីសត្វល្អិតតូចៗ ដែលភាគច្រើនសម្បូរនៅតាមតំបន់ទឹកខ្ពស់ ពោលគឺតំបន់ដែលត្រូវបានសត្វមេហែលបញ្ច្រាសទឹកមក។ ក្រោយមក ត្រីដែលទើបនឹងធំធាត់ទាំងនោះ នឹងហែលបណ្តោយទឹកវិញ ដោយក្នុងពេលតែមួយបន្តស៊ីសត្វដែលមានទំហំធំជាមុន នៅតាមចរន្តទឹកនោះជាអាហារ។
ទី៤៖ បង្កើតជីវិតថ្មីបន្តទៀត
នៅពេលដែលសត្វត្រីទាំងនោះមានទំហំធំបន្តិចហើយ វានឹងសន្សំសំចៃថាមពលក្នុងការហែលបណ្តោយទឹក ទៅកាន់ផ្ទៃទឹកដែលធំជាងមុន ក្នុងការចាប់ចំណី ប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ការបន្តពូជនៅថ្ងៃខាងមុខ។ នៅពេលត្រៀមបន្តពូជ ពួកគេនឹងចាប់ផ្តើមសកម្មភាពទាំងឡាយនេះឡើងវិញ។ ជារួម ត្រីខ្លះហែលក្នុងសភាពបែបនេះគឺដោយសារតែពួកគេចង់បង្កើតឳកាសនៃការរស់រានមានជីវិតនៃពូជជំនាន់ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com