អង្គការ ADF បណ្ដុះកូនឈើប្រណីត និងកូនឈើជាឱសថ ១៧ប្រភេទ ដើម្បីស្ដារព្រៃឈើលើភ្នំគូលែន
- ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១០:២៩ នាទី ព្រឹក

គូលែន, សៀមរាប៖ កូនឈើប្រណីត និងកូនឈើ ១៧ប្រភេទ ត្រូវបានអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ បណ្ដុះសម្រាប់ដាំបន្ថែមនៅលើខ្នងភ្នំគូលែន។ លោក សេង សំរី ប្រធានគម្រោងកម្មវិធីគំរូអនាម័យ និងសុខភាព និងជាអ្នកថែរក្សាកូនឈើដែលបានបណ្ដុះ បានបញ្ជាក់ថា៖«គោលបំណងដែលបណ្ដុះកូនឈើប្រណីត និងកូនឈើជាឱសថនេះ ដើម្បីស្ដារព្រៃនៅក្នុងតំបន់ភ្នំគូលែនផង និងដើម្បីការពារឈើប្រភេទជាឱសថផង»។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សេង សំរី ប្រធានគម្រោងកម្មវិធីគំរូអនាម័យ និងសុខភាពលើខ្នងភ្នំគូលែនដូចតទៅ៖
កូនឈើគ្រញូង, បេង, នាងនួន, ធ្នង់, ស្រឡៅ, គគីរ, តាត្រៅ, ខ្លឹមចន្ទន៍ក្រស្នា, ព្រហូត, គូលែន និងកូនឈើមួយចំនួនទៀត ត្រូវបានអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ (ADF) បណ្ដុះដើម្បីស្ដារព្រៃឈើលើភ្នំគូលែនឡើងវិញ។ ក្រៅពីបណ្ដុះកូនឈើរាប់ម៉ឺនដើមសម្រាប់ដាំបន្ថែមលើខ្នងភ្នំគូលែន អង្គការ ADF ក៏បានបណ្ដុះកូនឈើ ដើម្បីចែកចាយដល់ក្រុមហ៊ុនផ្សេងៗ ដែលមានបំណងយកទៅដាំផងដែរ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅលើខ្នងភ្នំគូលែន លោក សេង សំរី ប្រធានគម្រោងកម្មវិធីគំរូអនាម័យ និងសុខភាព និងជាអ្នកថែរក្សាកូនឈើនៅថ្នាលបណ្ដុះសង្កែឡាក់ បានលើកឡើងថា ក្នុងចំណោមឈើប្រណីត និងឈើជាឱសថទាំង ១៧ប្រភេទ មានតែឈើព្រហូតទេ ដែលមានផលលំបាកក្នុងការបណ្ដុះ។ បើតាមលោក សេង សំរី កូនឈើដែលបណ្ដុះនៅក្នុងថ្នាល ត្រូវស្រោចទឹក ៥ដង ក្នុង១ថ្ងៃ។


គ្រាប់ពូជឈើប្រណីត និងកូនឈើជាឱសថទាំងនេះ មានប្រភពនៅលើភ្នំគូលែន និងខេត្តសៀមរាប។ លោក សេង សំរី បន្ថែមថា នៅថ្ងៃខាងមុខ អង្គការ ADF មានគម្រោងដាំ និងបណ្ដុះបន្ថែម។ ក្នុងឆ្នាំ២០១៩នេះ អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ បានដាំកូនឈើចំនួន ១៣០០០ដើម លើផ្ទៃដីចំនួន ១៤ហិកតានៅលើខ្នងភ្នំគូលែន។


បច្ចុប្បន្ន អង្គការ ADF មានថ្នាលបណ្ដុះកូនឈើចំនួន ៣កន្លែង ដែលទទួលបានការទំនុកបម្រុងពីក្រុមហ៊ុន Kulara Water រួមមានសាលាបឋមសិក្សាសង្កែឡាក់, ភូមិតាពេញ និងភូមិអណ្ដូងធំ។ សូមបញ្ជាក់ថា មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍ (Archaeology and Development Foundation) គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូលដែលបានធ្វើការលើកម្មវិធីមួយឈ្មោះថា កម្មវិធីភ្នំគូលែន ចាប់តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះមានគោលបំណងសិក្សាស្វែងយល់អំពីចក្រភពខ្មែរ និងធានាថាប្រជាជនកម្ពុជាដែលរស់នៅជុំវិញតំបន់បុរាណដ្ឋាននៅលើភ្នំគូលែន ចូលរួមចំណែកក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងអស់នោះ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: