«កេរខ្មាស» ឬ «កេរ្តិ៍ឈ្មោះ» សរសេរបែបនេះទើបត្រូវ!
- ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

មិនមែនសរសេរ«កេរ្តិ៍ខ្មាស» ដូចនេះទេ គឺត្រូវសរសេរជា«កេរខ្មាស» បែបនេះ វិញទើបត្រឹមត្រូវ។ ចំណែកពាក្យ«កេរ្តិ៍ឈ្មោះ»សរសេរបែបនេះគឺត្រឹមត្រូវហើយ។ នេះបើយោងតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយនៅក្នុងវចនានុក្រមខ្មែរ។

រចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «កេរ»និង«កេរ្តិ៍» គឺមានន័យខុសគ្នា ។ «កេរ» សំដៅដោយដំណែល ឬជាមរតករបស់ដូនតា ឬមាតាបិតាដែលបានបន្សល់ទុកឲ្យ។ ឧទាហរណ៍ជាក់ស្តែង៖ ស្រែនេះជាកេររបស់ជីដូនខ្ញុំ,ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។
គេច្រើនប្រើពាក្យ«កេរ»ជាមួយនឹងពាក្យដទៃ បង្កើតបានជាពាក្យ កេរកាល គឺមានន័យថា ឈ្មោះសាស្ត្រាច្បាប់ចាស់មួយ មានពាក្យប្រដៅជាដំបូន្មានផ្សេងៗ។ សាស្ត្រាកេរកាល។ ចំណែក «កេរ្តិ៍» សំដៅលើ សេចក្តីសរសើរ,ការល្បីលេចឮ,ខ្ចរខ្ចាយ។ ពាក្យនេះច្រើនតែប្រើជា កេរ្តិ៍ឈ្មោះ។
គួរចងចាំថា កាលណាគេសំដៅលើ ទ្រព្យសម្បត្តិមរតកដែលជារបស់ដូនតាជំនាន់មុនបន្សល់ទុកឲ្យនោះ គឺគេត្រូវនឹកដល់ពាក្យ«កេរ»។ កាលណាគេសំដៅលើបុគ្គលណាម្នាក់មានភាពល្បីល្បាញ នោះគេត្រូវនឹកដល់ពាក្យ«កេរ្តិ៍»នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: