រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញកសិផលក្នុងឆ្នាំ២០១៩ មានទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារ
- ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ម៉ោង ៩:១៩ នាទី យប់

រូបពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផល ៦ ៩៣៩ ៩៦៨ តោន ដែលមានតម្លៃប្រមាណ ១ ៩៥៦ ៧១៤ ០៧០ ដុល្លារ។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ខែមករាឆ្នាំ២០២០។

លោក វេង សាខុន បានឲ្យដឹងដូច្នេះថា៖«តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃនេះ ការនាំចេញកសិផលកម្ពុជា នៅឆ្នាំ២០១៩ កន្លងទៅនេះ ទៅកាន់ទីផ្សារអន្តរជាតិ និងប្រទេសជិខាងកម្ពុជា មានចំនួន ៧៤ មុខកសិផល ស្មើនឹង ៦ ៩៣៩ ៩៦៨ តោន មានតម្លៃប្រមាណ ១ ៩៥៦ ៧១៤ ០៧០ ដុល្លារអាមេរិក»។
គួរបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបាននាំចេញកសិផល៧៤មុខទៅក្រៅប្រទេស។ ការនាំចេញទាំងនោះ មានដូចជា អង្ករជា៦២ម៉ឺនតោន, ស្រូវ ២,១៥លានតោន, ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ និងម្សៅដំឡូង ៣,២៨លានតោន, គ្រាប់ស្វាយចន្ទី ២០ម៉ឺនតោន, គ្រាប់ពោត ១២ម៉ឺនតោន, ចេក១៥,៧ម៉ឺនតោន, ស្វាយ៥,៨ម៉ឺនតោន, សណ្តែងសៀង៥,៧ម៉ឺនតោន ម្រេច ៣,៧ពាន់តោន, បន្លែជាង១៧០តោន និងដំណាំផ្សេងៗជាង២៧ម៉ឺនតោន។
ផលិតផលកសិផលរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៣០ នៅទូទាំងពិភពលោក ក្នុងនោះវៀតណាម និងថៃ ជាទីផ្សារធំជាងគេ។ ក្រៅពីមាន បារាំង, អង់គ្លេស, កាណាដា,ហូឡង់, ឆេក, អ៊ីតាលី, ឥណ្ឌា, ប៉ាគីស្ថាន, រូស្សី, កូរ៉េ, ជប៉ុន, ប៉េរ៉ូ, អារ៉ាប៊ីសាអូឌីត, មីយ៉ាន់ម៉ា, អូស្រា្តលី, តៃវ៉ាន់, សិង្ហបុរី, ម៉ាឡេស៊ី, អាល្លឺម៉ង, ស្វីស, កាហ្សាក់ស្ថាន,ហុងកុង,អាមេរិក, ប៊ុលហ្គារី និងនូវែលសេឡង់៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: