ធនាគារជាតិ វាយតម្លៃសេដ្ឋកិច្ចកម្ពុជា២០១៩ និងព្យាករសម្រាប់២០២០
- ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ ម៉ោង ៥:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ទាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែត្រូវបានវាយតម្លៃថាមានភាពរឹងមាំ។ នេះបើតាមរបាយការណ៍សង្ខេបរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី«វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» ដែលចេញផ្សាយនៅថ្ងៃទី២ខែមករា។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ បន្តរីកចម្រើនរឹងមាំក្នុងអត្រា ៧,១ ភាគរយ ដែលគាំទ្រដោយកំណើននាំចេញជាពិសេសផលិតផលកាត់ដេរ កំណើនវិស័យសំណង់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននាំចូលសម្ភារសំណង់ និងកំណើនក្នុងវិស័យទេសចរណ៍ ជាពិសេសតំបន់ឆ្នេរនិងក្នុងគោលបំណងធ្វើធុរកិច្ច។ កំណើនវិស័យកសិកម្មបន្តមានអត្រាទាបនិងបានថយចុះ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចផងដែរ។
សេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់និងអចលនទ្រព្យ។ ក្នុងឆ្នាំ២០១៩ FDI នៅកម្ពុជាមានទុនប្រមាណជាង ៣៥០០លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានរបស់ធនាគារជាតិ។
អតិផរណានៅឆ្នាំ២០១៩មានកម្រិតជាមធ្យម ១,៩ភាគរយ ជាមួយស្ថិរភាពអត្រាប្ដូរប្រាក់ក្នុងរង្វង់ ៤០៥៥ រៀលក្នុង១ដុល្លារអាមេរិក ដែលបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទុនបម្រុងអន្តរជាតិកើនដល់ ១៨ ពាន់លានដុល្លារ ដែលអាចធានាការនាំចូលទំនិញបាន៧ខែ ខ្ពស់ជាងកម្រិតអប្បរមា (៣ខែ) ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
សេដ្ឋកិច្ចកម្ពុជានៅតែបន្តប្រឈមហានិភ័យមួយចំនួន។ ហានិភ័យខាងក្រៅ រួមមាន ភាពអាចថយចុះនៃកំណើនសេដ្ឋកិច្ចចិន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលមានទំនាក់ទំនងជិតស្និទជាមួយសេដ្ឋកិច្ចមហាអំណាចទី២ពិភពលោកមួយនេះ និងនិន្នាការនៃអនុវត្តគោលនយោបាយគាំពារនិយមរបស់ប្រទេសមួយចំនួនអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ ចំពោះហានិភ័យពីខាងក្នុង គឺមានដូចជា ភាពអាចបាត់បង់ការអនុគ្រោះពន្ធEBA , កម្រិតខ្ពស់នៃកំណើនឥណទាណបញ្ចូលក្នុងវិស័យសំណង់អាចបង្កឲ្យហានិភ័យកើនឡើង។
ទោះយ៉ាងណាកំណើនសេដ្ឋកិច្ច២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់៧ភាគរយ។ ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ភាពអំណោយផលដល់ការនាំចេញ ការវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងកំណែទម្រង់។ ការនាំចេញរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងអត្រាខ្ពស់ ពិសេសទំនិញសម្រាប់ធ្វើដំណើរ(Travel Goods) ទំនិញកម្មន្តសាលផ្សេងៗ ទោះបីកំណើននាំចេញសម្លៀកបំពាក់អាចថមថយល្បឿន៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: