កម្ពុជាទទួលទុនវិនិយោគផ្ទាល់បរទេស ៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩
- ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ម៉ោង ៨:៣៩ នាទី យប់

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់បរទេស(FDI) ចំនួន ៣៥៩២លានដុល្លារ កើនឡើង ១២ភាគរយ។ នេះជាតួលេខប៉ាន់ស្មានរបស់ធនាគារជាតិនៃកម្ពុជា ដែលផ្សាយក្នុងរបាយការណ៍ស្ដីពី«វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» នៅថ្ងៃទី២ខែមករា។

របាយការណ៍ធនាគារជាតិឲ្យដឹងថា ទុនវិនិយោគជាង ៣៥០០លានដុល្លារនេះ មានប្រភពពីចិនច្រើនជាងគេគឺមានចំណែកដល់ទៅ ៤៣ភាគរយ បន្ទាប់មកគឺកូរ៉េខាងត្បូង ១១ភាគរយ, វៀតណាម ៧ភាគរយ, ជប៉ុន៦ភាគរយ, សិង្ហបុរី៦ភាគរយ និងប្រភពផ្សេងៗទៀត។
របាយការណ៍ខាងលើនេះមិនបានបែងចែកទុនវិនិយោគទាំងនោះទៅតាមវិស័យនោះទេ តែបានចែកចេញជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុដែលមានចំនួន ១២០៣លានដុល្លារ និងមិនមែនវិស័យហិរញ្ញវត្ថុចំនួន ២៣៨៩លានដុល្លារ។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ គឺមានកំណើន ៧,១ភាគរយ។ នេះបើតាមរបាយការណ៍ធនាគារជាតិ ដែលអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះបន្តទទួលការចាប់អារម្មណ៍ពីវិនិយោគិន។ ធនាគារជាតិឲ្យដឹងដូច្នេះថា៖«សេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគផ្ទាល់បរទេស ជាពិសេស វិស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់ និងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនឹងការស្នាក់នៅ»។
សម្រាប់ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍នឹងមានកំណើន៧ភាគរយ ដោយផ្អែកលើការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលអំណោយផលដល់ការនាំចេញវ ការវិនិយោគផ្ទាល់ពីបរទេស និងវិស័យទេសចរណ៍ ស្របពេលសេដ្ឋកិច្ចមួយនេះកំពុងទទួលផលពីការធ្វើពិពិធកម្មកំណើន និងកែទម្រង់ស៊ីជម្រៅ។ នេះជាការលើកឡើងក្នុងរបាយការណ៍របស់ធនាគារជាតិ៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: